(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងឲ្យដឹងថា និស្សិតគ្រប់រូប កុំឲ្យបោះបង់ចោលការសិក្សា នឹងត្រូវបន្តការស្រាវជ្រាវ ហើយត្រូវចាត់ទុកការរៀន គឺជាដំណើរការមួយដែលមិនចេះចប់ ដើម្បីដុសខាតចំណេះដឹង និងចំណេះធ្វើរបស់ខ្លួនម្នាក់ៗ កាន់តែប្រសើរថែមទៀត។

លោក វង សូត សង្កត់ធ្ងន់ថា «ក្មួយត្រូវចង់ចាំថា ដើម្បីក្លាយជាបុគ្គលឆ្នើម ត្រូវបំពេញឲ្យបាននូវគុណសម្បត្តិ៣យ៉ាង សមត្ថភាពវិជ្ជាជីវៈ សមត្ថភាពស្រាវជ្រាវ និងសីលធម៌វិជ្ជាជីវៈ»

បន្ថែមពីលើនេះ រដ្ឋមន្រ្តី វង​សូត ក៏បានជំរុញឲ្យគណៈគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ និងលោកគ្រូ នៃវិទ្យាស្ថានជាតិសង្គមកិច្ច បន្តយកចិត្តទុកថាក់ ក្នុងការអភិវឌ្ឍធនធានមនុស្សលើវិស័យសង្គមកិច្ច និងស្ថាប័នរបស់ខ្លួន ដើម្បីឲ្យសមជាវិទ្យាស្ថានគំរូ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច ប្រកលបដោយចំណេះដឹង សមត្ថភាព សីលធម៌ និងមនសិការវីជ្ជាជីវៈខ្ពស់។

ការថ្លែងរបស់រដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុង ពិធីប្រគល់សញ្ញាប័ត្រថ្នាកបរិញ្ញាប័ត្រ ជូននិស្សិតវិទ្យាស្ថានជាតិសង្គមកិច្ ចំនួន៨៨នាក់ក្នុងកម្មវិធីសិក្សាឆ្នាំ២០១៣-២០១៧ នៅទីស្តីការក្រសួងសង្គមកិច្ច នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

នៅក្នុងឱកាសនោះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសម្តែងការអមអរសាទរ ចំពោះនិស្សិតជ័យលាភីចំនួន៨៨នាក់ ដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ដោយការខិតខំពុះពារ ឆ្លងកាត់ឧបសគ្គរយៈពេល៤ឆ្នាំ នៅវិទ្យាស្ថានជាតិសង្គមកិច្ចទទួលបានលទ្ធផលល្អ។

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានបន្ថែមថា សមិទ្ធផលទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការរីកចម្រើនមួយកម្រិតទាំង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមកិច្ច ដូចដែលយើងទាំងអស់គ្នា បានដឹងហើយថា កត្តាធនធានមនុស្ស ត្រូវបានគេចាត់ទុកថា ជាចលករដ៏សំខាន់មិនអាចខ្វះបាន និងចូលរួមចំណែកអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ ឲ្យមានការផ្លាស់ប្តូរ និងមានភាពរីកចម្រើន ស្របពេលដែលប្រទេសកម្ពុជា កំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោក វង សូត បន្តថា ក្រសួងសង្គមកិច្ច ក៏បានបំពេញបេសកកម្មរបស់ខ្លួន ក្នុងគោលបំណងជួយជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយបានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីចូលរួមចំណែកបណ្តុះបណ្តាលធនធាន សម្រាប់ឆ្លើយតប តម្រូវការរបស់ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ។

បច្ចុប្បន្ននេះ វិទ្យាស្ថានជាតិសង្គមកិច្ច បាននឹងកំពុងតែប្រឹងប្រែងពង្រីកលទ្ធភាព ក៏ដូចជា ការពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញតម្រូវការក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យស្របតាមតម្រូវការសង្គមជាតិ និន្នាការសេដ្ឋកិច្ច និងនយោបាយ ក្នុងបរិបទនៃចរន្តសកលភាវូបនីយកម្ម។ ជាក់ស្តែងតួលេខនិស្សិតដែលបានបញ្ចប់ការសិក្សា មានករកើនឡើងគួរឲ្យកត់សំគាល់ ជារៀងរាល់ឆ្នាំ។

លោក សាណែត វឌ្ឍនា នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានថ្លែងអំអរគុណដល់ម្ចាស់ជំនួយ អង្គការ ស្ថាប័ននានា ដែលបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រ ថវិកា​ផ្តល់ឲ្យវាគ្មិន សម្រាប់ការចែករំលែកចំណេះដឹង និងបទពិសោធន៍ ផ្តល់ទីកន្លែង សម្រាប់និស្សិតចុះកម្មសិក្សា និងជួយសម្រួលដល់ការសិក្សាស្រាវជ្រាវ របស់និស្សិត។

លោក សាណែត វឌ្ឍនា បានបញ្ជាក់ថា វិទ្យាស្ថានជាតិសង្គមកិច្ច ត្រូវបានបង្កើតឡើងចុងឆ្នាំ២០១១ ដោយរាជរដ្ឋាភិបាលកម្ពុជា តាមសំណើរបស់ក្រសួងសង្គមកិច្ច និងមានការឯកភាពពីក្រសួងអប់រំ។ វិទ្យាស្ថាន បានចាប់ផ្តើម ជ្រើសរើសនិស្សិតសម្រាប់ការបណ្តុះបណ្តាលដំបូង នៅឆ្នាំសិក្សា២០១២ និង២០១៣ លើជំនាញបរិញ្ញាប័ត្រសង្គមកិច្វិទ្យា។

បច្ចុប្បន្ននេះ វិទ្យាស្ថានជាតិសង្គមកិច្ច មាននិស្សិតសរុបចំនួន៤២៥នាក់ ក្នុងនោះ មានស្រីចំនួន២១៥នាក់ កំពុងសិក្សាលើជំនាញទាំង០៩ គឺបរិញ្ញាបត្រសង្គមកិច្ចវិទ្យា បរិញ្ញាបត្រ កិច្ចគាំពារសង្គម បរិញ្ញាបត្រសង្គមវិទ្យា បរិញ្ញាបត្រវិស្វកម្មឧបករណ៍សិប្បនិមិ្មត និងរណប បរិញ្ញាបត្ររដ្ឋបាលសាធារណៈ បរិញ្ញាបត្រគ្រប់គ្រងសាធារណៈ បរិញ្ញាបត្រគោលនយោបាយសង្គម និងបរិញ្ញាបត្រភាសាអង់គ្លេស បន្ថែមពីលើនេះ វិទ្យាស្ថានជាតិសង្គមកិច្ច កំពុងតែមានតួនាទីសំខាន់ ក្នុងការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសង្គមផងដែរ៕