(ភ្នំពេញ)​៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងថា សមិទ្ធិផលរីកលូតលាស់នៅក្នុង ប្រទេសកម្ពុជាដូចសព្វថ្ងៃនេះ គ្មានបាតដៃ បក្សប្រឆាំងណាមកចូលរួមនោះទេ គឺមានតែឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

ការថ្លែងបែបនេះរបស់លោក ឃួង ស្រេង ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព បើកការដ្ឋានដាក់លូទំហំ១ម៉ែត្រកន្លះ ជិត១០គីឡូម៉ែត្រ នៅអមសងខាងផ្លូវ១៩៦២ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរដែនដី, ប្រជាពលរដ្ឋជាច្រើនរយនាក់ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

លោក ឃួង ស្រេង បានថ្លែងយ៉ាងដូច្នោះថា «សមិទ្ធិផលរីកលូតលាស់សព្វថ្ងៃនេះ គ្មានបាតដៃបក្សប្រឆាំងណា មកចូលរួមនោះទេ គឺមានតែឥស្សរជន គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសពីរបបខ្មែរក្រហម ហើយខំកសាងប្រទេសដោយបាតដៃទទេ ទំរាំបានដូចសព្វថ្ងៃនេះ»

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា «ដូច្នេះយើងត្រូវការពារសុខសន្តិភាពនេះ និងប្រឆាំងដាច់ខាតនូវបុគ្គល ដែលចង់បំផ្លាញកម្ពុជា តាមរយៈការធ្វើបដិវត្តន៍ពណ៌នៅកម្ពុជា»

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កន្លងមកបានស្ថាបនាលូ បានជាង៤២០គីឡូម៉ែត្រ និងបានពង្រីកផ្លូវ បានជាច្រើនខ្សែផងដែរ។

លោកថា ជាក់ស្តែងសំរាប់ផ្លូវ១៩៦២ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខវិញ ដោយផ្លូវមានលក្ខណៈតូច និងមិនមានបណ្តាញលូ ទើបរដ្ឋបាលរាជធានី សម្រេចស្ថាបនា លូប្រវែង៩៤០០ម៉ែត្រ ទំហំមួយម៉ែត្រកន្លះ គឺជាយុទ្ធសាស្ត្រកាត់បន្ថយការលិចលង់នៅតំបន់នេះ ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី។

លោកបញ្ជាក់ថា ការដ្ឋាននេះនឹងប្រើរយៈពេលចំនួន៨ខែ ក្នុងការស្ថាបនា ហើយក្រោយការស្ថាបនារួច វានឹងអាចរំដោះទឹកចេញពី លើផ្លូវលេខ ២០១១ ពីតំបន់ចំការព្រីង ដោយហូរ ចូលមកប្រឡាយទូលសំពៅ និងមួយផ្នែកទៀត ពីវត្តជុំទៅប្រឡាយទូសំពៅ ស្របពេលដែលស្ថានីយទួលសំពៅ បានស្ថាបនាឲ្យមានកម្លាំងបូមខ្លាំងជាងមុន។

ទោះបីជាយ៉ាងណាក្តី លោក សាំ ពិសិដ្ឋ ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ មេត្តាយោគយល់ និងចូលរួមជាមួយក្រុមការងារ ដើម្បីឲ្យការដ្ឋាននេះ បានសម្រេចជោគជ័យ៕