(ភ្នំពេញ)៖ សមាជិក-សមាជិកា នៃសមាគមអតីតនិស្សិត សាកលវិទ្យាល័យឆាលស្ទឺតកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចូលជួបសំណេះសំណាល និងអបអរសាទរ លោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ប្រធានកិត្ដិយស របស់សមាគម និងជាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ទទួលបានគ្រឿង ឥស្សរិយយស «Grand Cordon of the Order of the Rising Sun» ពីរដ្ឋាភិបាលជប៉ុន។
គ្រឿងឥស្សរិយយស «Grand Cordon of the Order of the Rising Sun» របស់រដ្ឋាភិបាលជប៉ុន បានប្រគល់ជូនលោកកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ដែលជាអតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអតីតអនុប្រធាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ ដើម្បីជាការទទួលស្គាល់ការចូលរួមវិភាគទាន របស់កិត្តិសេដ្ឋាបណ្ឌិត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសកម្ពុជា-ជប៉ុន។
សូមជម្រាបផងដែរថា ឥស្សរជនឆ្នើមចំនួន១៧រូបទៀត ដែលទទួលគ្រឿងឥស្សរិយយសនេះ សម្រាប់សរទរដូវឆ្នាំ២០១៧នេះ។ ឥស្សរជនដែលជាសហលាភីរបស់កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ទាំងនោះ មានឥស្សរជនដ៏ឆ្នើមរបស់ជប៉ុន ដូចជាលោក Wataru Aso អតីតអភិបាលខេត្ត Fukuoka និងឥស្សរជន ដែលជាអតីតថ្នាក់ដឹកនាំនៃប្រទេសនានាលើសាកលលោក ដូចជាលោក Jean-Marc Ayrault អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋបារាំង និងលោកស្រី Helen Clark អតីតនាយករដ្ឋមន្ត្រីនៃប្រទេសណូវែលហ្សេឡង់ជាដើម។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា ការទទួលបានកិត្តិយស និងគ្រឿងឥស្សរិយយសដ៏ថ្លៃថ្លានេះ មិនអាចកាត់ផ្តាច់បានពីនយោបាយរបស់រដ្ឋាភិបាលជប៉ុន,
ភ្នាក់ងាររដ្ឋាភិបាលជប៉ុន ទាំងនៅទីស្នាក់ការកណ្ដាល នាទីក្រុងតូក្យូ ទាំងការិយាល័យតំណាងនៅរាជធានីភ្នំពេញ ដែលធ្វើការនៅក្រោមការសម្របសម្រួល របស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាជាបន្តបន្ទាប់ ដើម្បីអនុវត្តគោលនយោបាយរបស់ជប៉ុនចំពោះកម្ពុជា ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ជាដើម និងវិភាគទាននានារបស់អង្គការមិនមែនរដ្ឋាភិបាលជប៉ុន។
ទន្ទឹមនឹងនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានគូសបញ្ជាក់ថា កិត្តិសេដ្ឋាបណ្ឌិត តែងចូលរួមសកម្មភាពទាំងផ្លូវការ ទាំងសង្គម ជាមួយសមភាគីជប៉ុន ក៏ដូចជា ជាមួយវិនិយោគិនជប៉ុននៅកម្ពុជា។
កិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណចំពោះលោក Hidehisa Horinouchi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងអតីតឯកអគ្គរដ្ឋទូតជប៉ុនចំនួន៨រូបទៀត ព្រមទាំងសហការីទាំងអស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា តាំងពីនីតិកាលទី១ នៃរដ្ឋសភានៃកម្ពុជា យុគសម័យទី២ ដែលតែងតែយកចិត្តទុកដាក់រាល់សកម្មភាពការងារ និងទំនាក់ទំនងគ្រប់ប្រភេទរបស់កិត្តិសេដ្ឋា បណ្ឌិត និងបានខិតខំជម្រាបជូនរដ្ឋាភិបាលជប៉ុន រហូតរដ្ឋាភិបាលជប៉ុន សម្រេចផ្តល់គ្រឿងឥស្សរិយយសដ៏វិសេសវិសាលបំផុត «The Grand Cordon of the Order of the Rising Sun» ដល់រូបកិត្តិសេដ្ឋាបណ្ឌិត។
កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានសំដែងនូវជំនឿថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នឹងបន្តពង្រឹងថែមទៀត ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កម្ពុជាផង សម្រាប់ជប៉ុនផង ព្រមទាំងដល់តំបន់និងពិភពលោកផង ហើយបានសំដែងការជឿជាក់ថា ជប៉ុននឹងបន្តផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ហើយការគាំទ្ររបស់ប្រទេសជប៉ុន ចំពោះកម្ពុជានឹងចេះតែបន្តបង្កើនឡើង ឯលំហូរទុនជប៉ុន ចូលមកកម្ពុជា ក៏ចេះតែរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ៕