(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គេហទំព័រ Facebook ផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ទទួលបានការគាំទ្រ (Like) យ៉ាងខ្លាំងកើនឡើងយ៉ាងឆាប់រហ័សជាង៩លាន Likes ។
យោងតាមការចុះផ្សាយរបស់ Facebook សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ការកើនឡើងយ៉ាងគំហុគនៃការគ្រាំទ្រ (Like) នេះ គឺបង្ហាញពីការគាំទ្រយ៉ាងខ្លាំង ពីសាធារណជនទាំងក្នុង និងក្រៅប្រទេស។ ទំព័រ Facebook របស់សម្តេចតេជោនាយករដ្ឋមន្ត្រីសព្វថ្ងៃនេះ ត្រូវបានគេមើលឃើញថា ជាប្រភពផ្តល់ព័ត៌មានពិតប្រាកដ និងច្បាស់លាស់បំផុតអំពីសកម្មភាពការងារប្រចាំថ្ងៃ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏ដូចជាព័ត៌មានអំពីការរីកចម្រើន និងនយោបាយការបរទេសរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់ និងក្នុងពិភពលោក។
ទន្ទឹមនឹងនេះដែរ គឺ Facebook សម្តេចតេជោ បានផ្តល់ភាពងាយកាន់តែស្រួលដល់សាធារណជនទូទៅ មន្រ្តីរាជការ ជាពិសេសយុវជនយុវតី មានឱកាសបានបញ្ចេញមតិយោបល់ និងជម្រាបពីកង្វាល់ និងបញ្ហាផ្សេងៗ មកកាន់នាយករដ្ឋមន្រ្តី។ មាន Facebook សម្តេចតេជោ គឺប្រជាពលរដ្ឋកាន់តែមានឱកាស អាចឆ្លើយឆ្លង និងទំនាក់ទំនងដោយផ្ទាល់ជាមួយ ប្រមុខរាជរដ្ឋាភិបាល បានយ៉ាងងាយស្រួលបំផុត។
តាមរយៈ Facebook នេះ កន្លងមក គឺសម្តេចតេជោនាយករដ្ឋមន្រ្តី បានដោះស្រាយនូវបញ្ហានានាជាច្រើន សម្រាប់ប្រជាពលរដ្ឋ និងប្រទេសជាតិ ដូចជាការសម្រេចឲ្យមានការបន្ធូរបន្ថយ អំពីប័ណ្ណបើកបរ ការដកយកប្រាសាទអង្គរវត្ត មកឲ្យរដ្ឋមកគ្រប់គ្រង ការមិនយកលុយតទៅទៀតចពោះរមណីដ្ឋាន ស្ពាន និងផ្លូវមួយចំនួនដូចជា ផ្លូវវេងស្រេង ផ្លូវជាតិលេខ៤ ផ្លូវនិងស្ពាន លីយ៉ុងផាត់ ស្ពានកោះកុង រមណីដ្ឋានស្ថានសួគ៌បូកគោជាដើម រួមទាំងបញ្ហារផ្សេងៗមួយចំនួនទៀត ដែលសម្តេចបានចូលរួមដោះស្រាយ តាមរយៈបណ្តាញសង្គម Facebook នេះ។
Facebook សម្តេចតេជោ ហ៊ុន សែន ក៏បានសូមអរគុណបងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនយុវតីទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រ Like, Share, See First Facebook សម្តេចតេជោនាយករដ្ឋមន្រ្តី ឲ្យបានទៅដល់បងប្អូននៅគ្រប់ទីកន្លែង។ សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕