(ភ្នំពេញ)៖ រដ្ឋសភា នឹងបន្ថែមសមាជិកចំនួន២នាក់ទៀត ចូលទៅក្នុងគណៈកម្មការជំនាញទាំង១០របស់ខ្លួន ដែលការបន្ថែមសមាជិកនេះ នឹងធ្វើឡើងតាមរយៈការបោះឆ្នោតដោយសមាជិករដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ។ នេះបើតាមលោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះថា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកនេះ មានរបៀបវារៈធំៗចំនួន២ រួមមាន៖
* របៀបវារៈទី១៖ ការបញ្ចូលរបៀបវារៈក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា រួមមាន៖
ទី១៖ សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុ ឆ្នាំ២០១៨
ទី២៖ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងចំនួន៤ រួមមាន៖ កិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយរដ្ឋាភិបាលសិង្ហបុរី កិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងរវាងកម្ពុជា ជាមួយរាជរដ្ឋាភិបាលព្រុយណេដារូសាឡឹម និងកិច្ចព្រមព្រៀងរវាងកម្ពុជាជាមួយ រាជរដ្ឋាភិបាលថៃ ដែលកិច្ចព្រមព្រៀងជាមួយប្រទេសទាំង៤នេះ គឺផ្ដោតលើខ្លឹមសារស្ដីពីការមិនយកពន្ធត្រួតគ្នា និងការមិនកេងបន្លំពន្ធលើប្រាក់ចំណូល ដើម្បីធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសទាំង៤ កាន់តែរលូនល្អប្រសើរ
ទី៣៖ សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិការបស់រដ្ឋ ឆ្នាំ២០១៦។
* សម្រាប់របៀបវារៈទី២៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទសម្រាប់សម័យប្រជុំពេញអង្គនៃរដ្ឋសភា នៅពេលក្រោយទៀត ក្នុងនោះគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់យកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ សម្រាប់ពិនិត្យ និងអនុម័តលើរបៀបវារៈខាងលើ។
លោកបានបញ្ជាក់ថា ក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ រដ្ឋសភាក៏នឹងបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង១០ ក្នុងគណៈកម្មការនីមួយៗ រដ្ឋសភានឹងបន្ថែមសមាជិកចំនួន២រូបទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើខ្ពស់។
លោក ឡេង ប៉េងឡុង បានឲ្យដឹងថា យោងតាមច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ការបោះឆ្នោតសមាជិកគណៈកម្មការរដ្ឋសភា ត្រូវធ្វើដោយសម័យប្រជុំពេញអង្គនៃរដ្ឋសភា។ ខណៈនេះដែរ រដ្ឋសភាមានបញ្ជីឈ្មោះបេក្ខភាពទាំងនោះហើយ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានស្នើដាក់បេក្ខភាពចំនួន ១០រូប រួចហើយ។
គួរបញ្ជាក់ថា នៅក្នុងគណៈកម្មការជំនាញនីមួយៗនៃរដ្ឋសភា មានសមាជិកចំនួន៩រូប ក្រោយពេលបោះឆ្នោតនាពេលខាងមុខរួចហើយ សមាជិកក្នុងគណៈកម្មការជំនាញនីមួយៗ នឹងកើនដល់ចំនួន ១១រូប។
លោកថែមទាំងបានបញ្ជាក់ថា ដរាបណាគណបក្សសង្គ្រោះជាតិមិនទាន់រំលាយ អ្នកតំណាងរាស្ត្រមកពីគណបក្សមួយនេះ នៅតែមានសិទ្ធិចូលរួមប្រជុំក្នុងសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា នាថ្ងៃទី១៧ ខែវិច្ឆិកា ខាងមុខបានដដែល ដោយឡែកសម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកនេះ គ្មានវត្តមានអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះឡើយ៕