(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីស្ដីទី សម្ដេចក្រឡាហោម ស ខេង បានប្រាប់ទៅអភិបាលរាជធានី-ខេត្តទាំង២៥ ឲ្យរៀបចំក្រុមការងារប្រចាំបញ្ជាសម្រាប់តាមដាន និងដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា។ នេះបើយោងតាមលិខិតរបស់សម្ដេចក្រឡាហោម ស ខេង ផ្ញើជូនអភិបាលរាជធានី-ខេត្តទាំង២៥ ដែលបណ្ដាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតខាងលើ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា «ដើម្បីគ្រប់គ្រងតាមដានសភាពការណ៍ និងដោះស្រាយបញ្ហានានា បានទាន់ពេលវេលាយ៉ាងឆាប់រហ័សនៅតាមរដ្ឋបាលរាជធានី-ខេត្ត ក្រសួងមហាផ្ទៃ ស្នើឯកឧត្តម លោកជំទាវ រៀបចំក្រុមការងារប្រចាំបញ្ជា សម្រាប់តាមដាន និងដោះស្រាយបញ្ហានានាពាក់ព័ន្ធ នឹងឧបាយកលផ្ដួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ នឹងរាយការណ៍មកក្រសួងមហាផ្ទៃ»។
ការបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ត្រូវបានធ្វើឡើង ខណៈដែលនៅសល់តែ៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូលនឹងបើកសវនាការកាត់ទោស រំលាយគណបក្សសង្គ្រោះជាតិរឿងក្បត់ជាតិ។
ប្រភពព័ត៌មានផ្សេងទៀត បានបង្ហើបថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រាប់ទៅសកម្មជនរបស់ខ្លួននៅតាមមូលដ្ឋានក្នុងរាជធានី-ខេត្ត ដើម្បីប្រមូលគ្នាមកតវ៉ាទៅនឹងការសម្រេចរបស់តុលាការកំពូលនោះផងដែរ។
ជាមួយគ្នានេះ លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញមកលើកឡើងថា ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់ ហើយអាជ្ញាធរសាធារណៈមានកាតព្វកិច្ចអនុវត្តនូវវិធានការចាំបាច់ផ្សេងៗ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក គឹម សន្ដិភាព បានបញ្ជាក់យ៉ាងច្បាស់ថា «ការប្រមូលផ្តុំកម្លាំងមហាជន ដើម្បីដាក់សម្ពាធលើស្ថាប័នតុលាការ គឺជាទង្វើល្មើសច្បាប់។ ហេតុនេះអាជ្ញាធរសាធារណៈដែលមានកាតព្វកិច្ច តាមផ្លូវច្បាប់ក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសក្នុងសង្គម មានភារកិច្ចអនុវត្តវិធានការចាំបាច់នានា ដើម្បីទប់ស្កាត់នូវអំពើល្មើសខាងលើនេះ!»៕