(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា កិច្ចសហការរវាងអាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្តថ្នាក់ភូមិឃុំសម្រាប់ មេរោគអេដស៍ បណ្តាញស្រ្តី និងកុមារ និងក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលបម្រើការងារអេដស៍ ឲ្យបានកាន់តែល្អប្រសើរឡើង សំដៅបញ្ចប់ការរីករាលដាលជំងឺអេដស៍ឲ្យបាន នៅឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានរបស់យើង។ ជាពិសេសអាចរក្សាបាននូវការសម្ងាត់ ស្តីពីស្ថានភាពផ្ទុកមេរោគអេដស៍ នៃពលរដ្ឋគ្រប់រូប ដែលបានឆ្លងមេរោគនេះ។ ប្រការនេះអាចឲ្យឃុំសង្កាត់ ចៀសវាងបាននូវការរើសអើង ដែលជារំលោភលើសិទ្ធិ អ្នកដែលរងគ្រោះដោយជំងឺអេដស៍។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ការរៀបចំនិយាមប្រតិបត្តិ ដើម្បីដាក់បញ្ចូលការងារ ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងវិនិយោគឃុំ-សង្កាត់ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយក្នុងនោះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោកស្រី វ្លាដាំងកា អាន់ដ្រីវ៉ា ប្រធានអង្គការយូអិនអេដស៍ (UNAIDS) ប្រចាំកម្ពុជា, តំណាងក្រសួង មន្ទីរដែលជាសមាជិករបស់ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, តំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល ព្រមទាំងតំណាងប្រជាជនប្រឈមមុខខ្ពស់ និងអ្នកផ្ទុកមេរោគអេដស៍ ជាច្រើននាក់ទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងបន្តទៀតថា កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំនិយាមប្រតិបត្តិ ដើម្បីដាក់បញ្ចូលការងារឆ្លើយតប មេរោគអេដស៍ និងជំងឺអេដស៍ ទៅក្នុងផែនការអភិវឌ្ឍន៍ឃុំ-សង្កាត់ និងវិនិយោគឃុំ-សង្កាត់ គឺមានសារៈសំខាន់ណាស់ សម្រាប់ពេលនេះ និងទៅថ្ងៃអនាគត។ ការអនុវត្តនិយាមនេះ នឹងជួយពង្រីកតួនាទីរបស់មណ្ឌលសុខភាព សាលាឃុំ-សង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចូលរួមក្នុងការលុបបំបាត់មេរោគអេដស៍ និងជំងឺ អេដស៍ឲ្យបាន នៅឆ្នាំ២០២៥ នៅតាមមូលដ្ឋាននីមួយៗ។ សំណួរសំខាន់សម្រាប់កកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺផ្តោតទៅលើការអនុវត្តវិធីសាស្ត្រ និងនិយាមដែលចង្អុលទិស ឲ្យសហគមន៍រុករកជួប និងផ្តល់សេវាដល់ប្រជាជនគន្លឹះ និងប្រជាជនទូទៅដែលជាគោលដៅ (Key Populations and Targeted General Populations) ហើយបង្កើនសេវាឱ្យបានខ្លាំងក្លា និងរក្សាឲ្យអ្នកទាំងនោះ នៅបន្តក្នុងសេវាព្យាបាលបានជាប់ជានិច្ច។
ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍រូបនេះ បានសង្កត់ធ្ងន់ថា លោកសូមអំពាវនាវ ចំពោះអ្នកអាក់ព័ន្ធទាំងអស់ ធ្វើការពិចារណារលើសំណួរគន្លឹះមួយចំនួន ដូចខាងក្រោមនេះ ៖
១)តើឃុំ-សង្កាត់បានទទួលដឹងពីមុខនាទី ម្ចាស់ការលើការបញ្ចប់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ឲ្យបាន នៅឆ្នាំ២០២៥ហើយឬនៅ?
២)តើឃុំ-សង្កាត់មានសមត្ថភាព(ចំណេះដឹង)គ្រប់គ្រាន់ ក្នុងការបញ្ចប់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ឲ្យបាន នៅឆ្នាំ២០២៥ដែរឬទេ?
៣)តើឃុំ-សង្កាត់មានថវិកាសមស្រប ក្នុងការបញ្ចប់ការរីករាលដាលមេរោគអេដស៍/ជំងឺអេដស៍ ឲ្យបាននៅឆ្នាំ២០២៥ដែរឬទេ?
៤)តើឃុំ-សង្កាត់ត្រូវសហការជាមួយស្ថាប័នណាខ្លះ និងយ៉ាងដូចម្តេច ដើម្បីបញ្ចប់ការរីករាលដាល មេរោគអេដស៍/ជំងឺអេដស៍ឲ្យបាន នៅឆ្នាំ២០២៥?
សូមបញ្ជាក់ថា ជាចុងបញ្ចប់លោក ទេសរដ្ឋមន្រ្តី អៀង មូលី ក៏បានថ្លែងកោតសរសើរដល់ លោក,លោកស្រី ដែលបានខិតខំប្រឹងប្រែងបំពេញការងារ យ៉ាងយកចិត្តទុកដាក់ និងមានប្រសិទ្ធភាព ហើយអាចប្រែក្លាយចំណេះដឹង ដែលបានទទួលពីវេទិកាដ៏សំខាន់នេះ ឲ្យទៅជាកិច្ចសហការរវាងអាជ្ញាធរដែនដី ក្រុមគ្រូពេទ្យ អ្នកស្ម័គ្រចិត្តថ្នាក់ភូមិឃុំសម្រាប់ មេរោគអេដស៍ បណ្តាញស្រ្តី និងកុមារ និងក្រុមអង្គការក្រៅរដ្ឋាភិបាល ដែលបម្រើការងារអេដស៍ ឲ្យបានកាន់តែល្អប្រសើរឡើង សំដៅបញ្ចប់ការរីករាលដាលជំងឺអេដស៍ឲ្យបាន នៅឆ្នាំ២០២៥ នៅក្នុងមូលដ្ឋានរបស់យើង៕