(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនយោធិនពិការ និងគ្រួសារក្នុងមជ្ឈមណ្ឌលយោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ដែលមានទីតាំងស្ថិត ក្នុងភូមិសាស្ត្រភូមិតេជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើចុះសាកសួរសុខទុក្ខបងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិកា៣១៧តេជោភ្នំឆ័ត្រ នាឱកាសនោះ នាយឧត្តមសេនីយ៍ មាស សុភា រួមជាមួយថ្នាក់ដឹកនាំ ក្នុងកងទ័ពជើងគោក នៃយោធភូមិភាគទី៥ បានតាមដានស្តាប់នូវសេចក្តីរាយការណ៍ជាច្រើនពីសំណាក់ លោកឧត្តមសេនីយ៍ទោ ទុយ ប៊ុនលី នាយកមជ្ឈមណ្ឌលយោធិនពិកា៣១៧តេជោភ្នំឆ័ត្រ ស្តីអំពីជំហ៊ានរីកចម្រើនរបស់មជ្ឈមណ្ឌលក្នុងដំណាក់កាលថ្មីនេះ រួមទាំងការងារជាច្រើនលើភារៈកិច្ច នៃការកសាងមជ្ឈមណ្ឌល ការងារដាំដុះបង្កបង្កើនផល ចិញ្ចឹមសត្វរបស់បងប្អូនយោធិនពិការ និងគ្រួសារក្នុងឆ្នាំកន្លងមក។
នាយឧត្តមសេនីយ៍ មាស សុភា ជំនួសមុខឲ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសំដែងនូវការលើកសរសើរ និងវាយតំលៃខ្ពស់ចំពោះស្មារតី នៃកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយកិច្ចសហការគ្នាយ៉ាងល្អ របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ដែលក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ បានពុះពារគ្រប់ការលំបាកក្នុងការកសាងនូវសមិទ្ធិផលជាច្រើន សម្រាប់មជ្ឈមណ្ឌល រហូតមានការរីកចម្រើន ពិសេសបានយកចិត្តទុកដាក់ ក្នុងការរៀបចំការងារកសាងផ្ទះសំបែងជូនដល់យោធិនពិការ ព្រមទាំងបានបំផុសឲ្យបងប្អូនយោធិនពិការ ចេះការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយកំរិតជីវភាពរស់នៅបានកាន់តែប្រសើរ។
នាយឧត្តមសេនីយ៍ មាស សុភា ក៏បានសម្ដែងនូវការគោរពដឹងគុណចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈយុទ្ធជន យុទ្ធនារីនៃកងយោធពលខេមរភូមិន្ទ ដែលក្នុងអតីតកាលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ អាយុជីវិត ដើម្បីបម្រើឲ្យបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា រហូតក្លាយខ្លួនជាជនពិកា ជនដែលបាត់បង់សមត្ថភាពពលកម្ម បាត់បង់កាយសម្បទា។
នាយឧត្តមសេនីយ៍មេបញ្ជាការ បានជំរុញ និងផ្តល់ការលើកទឹកចិត្តដល់បងប្អូនយោធិនពិការ ឲ្យខិតខំតស៊ូអត់ធ្មត់បន្តទៀត ដោយត្រូវគិតថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស មិនដែលបោះបង់ចោលបងប្អូនម្តងណាឡើយ មានខិតខំធ្វើយ៉ាងណាជួយឲ្យបងប្អូនមានផ្ទះសំបែង ដីធ្លីបង្កបង្កើនផលចិញ្ជឹមជីវិត រស់នៅបានសមរម្យ មានជីវភាពល្អប្រសើរ។
ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៤ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃខួបកំណើតកងយោធពលខេមរភូមិន្ទនាឆ្នាំនេះ នាយឧត្តមសេនីយ៍ មាស សុភា ក៏បានផ្តល់ជូនដល់បងប្អូនយោធិនពិការ ក្នុងមជ្ឈមណ្ឌលយោធិនពិកា៣១៧តេជោភ្នំឆ័ត្រ ចំនួន៤៦៥គ្រួសារ នូវប័ណ្ណអចលនទ្រព្យ, ប័ណ្ណសរសើរ និងអំណោយរបស់កងទ័ពជើងគោក ដែលក្នុង១គ្រួសារៗ ទទួលបានអង្ករ១០គីឡូក្រាម, មី១កេស, ទឹកភេសជ្ជៈប៉ូវកម្លាំង១២កំប៉ុង និងទឹកបរិសុទ្ធ១កេស។
ជូនដល់មជ្ឈមណ្ឌលមានអង្ករ ១០ការ៉ុង, មី១០កេស, ទឹកភេសជ្ជៈប៉ូវកម្លាំង១០កេស, ទឹកបរិសុទ្ធ ៥កេស និងថវិកា២លានរៀល។ ប្រគេនព្រះសង្ឃ វត្តក្នុងមជ្ឈមណ្ឌលមាន អង្ករ៥ការ៉ុង, មី៥កេស, ទឹកដោះគោ១កេស, ស្ករស១០គីឡូក្រាម, ភេសជ្ជៈប៉ូវកម្លាំង៦កេស និងតែ កាហ្វេ ជូនលោកគ្រូអ្នកគ្រូ១០នាក់ ម្នាក់ៗថវិកា១០ម៉ឺនរៀល, សិស្សានុសិស្ស៣១៤នាក់ម្នាក់ៗបានសៀវភៅ, ប៊ិច, ខ្មៅដៃ បន្ទាត់ និងថវិកា៥,០០០រៀល និងជូនមណ្ឌលសុខភាពថវិកា ១លានរៀល ព្រមទាំងបានចូលរួមលែងកូនត្រី ក្នុងបឹងទំនប់បង្ហៀរបស់មជ្ឈមណ្ឌលផងដែរ៕