(ភ្នំពេញ)៖ បដិវត្តន៍ពណ៌ដែលកំពុងធ្វើឲ្យប្រទេសជាច្រើនលើពិភពលោក ជាពិសេសនៅតំបន់មជ្ឈិមបូព៌ាត្រូវខ្ទេចខ្ទី និងកំពុងរងទុក្ខវេទនាយ៉ាងខ្លាំងនោះ ត្រូវបានឧត្តមសេនីយ៍ សៀក សុជាតិ នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការការងារព្រំដែនអគ្គបញ្ជាការ បានលើកយកទៅបង្ហាញដល់កងកម្លាំងព្រំដែន និងបានអំពាវនាវឲ្យពួកគេរួមគ្នាទប់ស្កាត់ និងកម្ចាត់ចូលក្រុមជនចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីបំពាក់ឋានន្តរសក្តិដល់នាយទាហានទីចាត់ការការងារព្រំដែននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកានេះ នៅអគ្គបញ្ជាការដ្ឋាន ឧត្តមសេនីយ៍ សៀក សុជាតិ បានលើកបង្ហាញយ៉ាងច្រើនពីវិនាសកម្ម ដែលបង្កឡើងដោយបដិវត្តន៍ពណ៌។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានលើកឡើងថា «ដើម្បីមហិច្ឆតាអំណាច ជាពិសេសក្នុងការផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា ពួកមេក្លោងដឹកនាំគំនិតបដិវត្តន័ពណ៌ បានបង្កើតពាក្យស្លោក ផ្លាស់ប្តូរជាវិជ្ជមាន យកមកធ្វើជាប្រធានបទឃោសនា ដើម្បីបញ្ជ្រាបពាក្យនេះទៅក្នុងអារម្មណ៍របស់ប្រជាជនកម្ពុជា ដែលនេះមានចរិតបំភាន់មតិ និងញុះញង់ប្រជាជនឲ្យចងកំហឹងនឹងរាជរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែរាល់មហិច្ឆតារបស់មេក្លោងបដិវត្តន៍ពណ៌ត្រូវបរាជ័យទាំងស្រុង ដោយសារតែថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការឈ្លាសវៃ បានទប់ស្កាត់ទាន់ពេលវេលា ឈានដល់ការចាប់ខ្លួនជាបន្ទាន់បុគ្គល កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលួចបង្កើតគម្រោងចលនាបដិវត្តន៍ពណ៌ ដោយមានបរទេសជាគ្រូបង្ហាត់បង្រៀនពីក្រោយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបានក្បត់ជាតិខ្លួនឯង»។
ឧត្តមសេនីយ៍ឯក សៀក សុជាតិ បានផ្តាំផ្ញើឲ្យនាយទាហានទាំងអស់ ត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរ ដែលបានជួបប្រទះភ្លើងសង្រ្គាមជាបន្តបន្ទាប់កន្លងមក ធ្វើឲ្យប្រទេសជាតិរលាយហិនហោច នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ព្រមទាំងបានកាប់សម្លាប់មខ្មែរអស់រាប់លាននាក់ ក្នុងរបបខ្មែរក្រហម ហើយកុំតែបានគណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីរណសិរ្យ ២ ធ្នូ ១៩៧៨ បានតស៊ូឈានទៅរំដោះជាតិបានទាំងស្រុង នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ខិតខំកសាង និងការពារតាំងពីបាតដៃទទេ រហូតដល់បានបង្រួបបង្រួមជាតិ ក្នុងគោលនយោបាយឈ្នះៗ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
នាយកទីចាត់ការ បានផ្តាំផ្ញើដល់នាយទាហានទាំងអស់ ចូលរួមទប់ស្កាត់នូវអំពើខុសច្បាប់របស់ក្រុមមនុស្សមួយចំនួន អង្គការខ្លះ ពិសេសសកម្មជនបក្សប្រឆាំង មានបំណងចង់ធ្វើបាតុកម្ម ឬធ្វើអ្វីផ្សេងៗពាក់ព័ន្ធទៅនឹងបង្កអសន្តិសុខជាតិ៕