(ពោធិ៍សាត់)៖ ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរួមគ្នាផ្សព្វផ្សាយការកាត់បន្ថយភាពក្រីក្រ របស់ជនពិការ ក្នុងវិស័យទេសចរណ៍។ កិច្ចសហការរបស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសកម្មភាពជនពិការនាពេលនេះ បានធ្វើឡើងតាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការកាត់បន្ថយភាពក្រីក្រ របស់ជនពិការតាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការដើម្បីបង្កើនជីវភាពសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍» ដែលរៀបចំដោយក្រុមការងារសកម្មភាព ជនពិការនៃក្រសួងទេសចរណ៍, មន្ទីទេសចរណ៍ខេត្ត នៅសណ្ឋាគារសេនជូរី ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

នៅក្នុងសិក្ខាសាលានោះ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានក្រុមការងារ សកម្មភាពជនពិការ ក្រសួងទេសចរណ៍​តំណាងឲ្យ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ បានលើកឡើងថា ក្រសួងទេសចរណ៍បានខិតខំអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការកំណត់អត្រា និងបែបបទ នៃការជ្រើសរសើជនពិការចូលបម្រើការងារ ដោយធ្វើការជ្រើសរើសជនពិការដែល មានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវ ក្នុងមុខតំណែង ទៅតាមប្រភេទការងារចូលបម្រើក្នុងក្របខណ្ឌមន្រ្តីរាជការ​។

លោក ហោ សារុន បន្តថា ក្រសួងទេសចរណ៍សូមលើកទឹកចិត្តដល់ម្ចាស់ភោជនីយដ្ឋាន បៀហ្គាដិនទាំងឡាយណា ដែលបានអនុញ្ញាតឲ្យជនពិការចូលច្រៀង និងសម្តែងទស្សនីយភាពសិល្បៈខ្លីៗ ដើម្បីគ្រាន់បានជាកម្រៃដោះស្រាយជីវភាពរស់នៅកាន់តែប្រសើរឡើងថែមទៀត។ ជាមួយគា្ននោះ មន្ទីរទេសចរណ៍ ត្រូវជំរុញ ការងារនេះឲ្យបានល្អប្រសើរ ត្រូវរាយការណ៍ជូនគណៈអភិបាលខេត្ត ក្រសួងទេសចរណ៍ ដើម្បីរៀបចំបណ្ណសរសើរលើកទឹកចិត្ត ដល់ម្ចាស់ មូលដ្ឋានអាជីវកម្ម សរវាកម្មទេសចរណ៍ ដែលចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រជនពិការតាមការលើកកម្ពស់ការងារ និងអាជីពសមស្របសម្រាប់ជនពិការ។

ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានពញ៉ាក់ដល់អាជីវករ ម្ចាស់សណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងម្ចាស់សហគ្រាសវិស័យឯកជននានា ក្នុងខេត្តពោធិសាត់ ថាជនពិការក៏ជាអតិថិជនដ៏មានសក្តានុពលក្នុង វិស័យទេចរណ៍ដែលមិនគួរមើលរំលង។

លោក ឯម ច័ន្ទមករា បានបន្ថែមឲ្យដឹងថា បច្ចុប្បន្នជនពិការ គឺជាតួអង្គមួយយ៉ាងសំខាន់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ស្ថាប័នពាក់ព័ន្ធ តួយ៉ាងដូចជាក្នុងវិស័យទេសចរណ៍ជាដើម ដែលអ្នកគ្រប់គ្រងសណ្ឋាគារ ផ្ទះសំណាក់ រមណីដ្ឋាន និងភោជនីយដ្ឋាន។ល។ ត្រូវរៀបចំឱ្យមានការ បង្កលក្ខណៈងាយស្រួលដល់ជនពិការ ដើម្បីជនពិការអាចធ្វើការចល័តទី ចេញចូលដោយគ្មានឧបសគ្គរេរាំង។ ការរៀបចំលក្ខណៈងាយស្រួលដល់ជនពិការ ដូចជាជម្រាល ធ្នាក់ដៃ បន្ទប់ទឹក ចំណតយានយន្ត ក៏អាចប្រើបានសម្រាប់មនុស្សចាស់ ជនមានជំងឺមិនអាចដើរបាន ឬទារកជាដើម។

គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យ ដែលរាជរដ្ឋាភិបាលបានសម្រេចនាពេលកន្លងមក បានចែកថា ក្រសួង ស្ថាប័នរដ្ឋ ដែលមានមន្ត្រីរាជការ ចាប់ពី៥០ នាក់ឡើងទៅ ត្រូវតែមានជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុង មុខតំណែង ទៅតាមប្រភេទការងារ ដូចកំណត់តាមមាត្រា១១ នៃអនុក្រឹត្យនេះ ចូលបម្រើការងារ ក្នុងកងយោធពលខេមរភូមិន្ទ ត្រូវកំណត់ ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

នីតិបុគ្គលដែលមានកម្មករ និយោជិត ចាប់ពី១០០នាក់ឡើងទៅ ត្រូវមានជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវ មុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ទៅតាមប្រភេទការងារ ដូចកំណត់តាមមាត្រា១១ នៃអនុក្រឹត្យនេះ ក្នុងអត្រា១ ភាគរយ នៃចំនួនកម្មករ និយោជិតសរុប។

អនុក្រឹត្យដដែលបានបន្តថា ក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមានមន្ត្រីរាជការ និងកម្មករ និយោជិតតិចជាងចំនួនដូចមានចែងក្នុងមាត្រា៥ និងមាត្រា៦ នៃអនុក្រឹត្យនេះ ហើយបានជ្រើសរើសជនពិការ ដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខដំណែងចូលបម្រើការងារ ត្រូវទទួលបានការលើកទឹកចិត្ត ដូចមានចែងក្នុងមាត្រា១៧ នៃអនុក្រឹត្យ។

ប្រធានក្រសួង ស្ថាប័នរដ្ឋ ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែង ក្នុងមាត្រា៥ នៃអនុក្រឹត្យនេះ ត្រូវបង់ភាគទានចូលហិបមូលនិធិជន ពិការជាប្រាក់ស្មើនឹង៥០ភាគរយ នៃប្រាក់បៀវត្សមូលដ្ឋាន ប្រចាំខែរបស់មន្ត្រីរាជការ ក្នុងមួយខែតាមប្រភេទក្របខណ្ឌ សម្រាប់មន្ត្រីរាជការជាជនពិការ១នាក់។

នីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងមាត្រា៦ នៃអនុក្រឹត្យនេះ ត្រូវបង់ភាគទានចូលហិបមូលនិធិជនពិការ ជាប្រាក់ ស្មើ នឹង៤០ភាគរយ នៃប្រាប់បៀវត្សអប្បបរមាប្រចាំខែរបស់កម្មករ និយោជិត ក្នុងមួយខែ សម្រាប់កម្មករ និយោជិតជាជនពិការ១នាក់។ការបង់ភាគទាន ដូចមានចែងក្នុងមាត្រា១៥ ខាងលើត្រូវអនុវត្តតាមនីតិវិធី ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមសំណើរបស់ក្រុមប្រឹក្សាភិបាលនៃមូលនិធិជនពិការ។

តាមច្បាប់ជាធរមាន ដែលត្រូវកំណត់ដោយ ប្រកាសរបស់ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមសំណើររបស់ក្រុមប្រឹក្សាភិបាល នៃមូលនិធិជនពិការ។ប្រធានក្រសួង ស្ថាប័នរដ្ឋ និងនីតិបុគ្គល ដែលមិនបានបំពេញកាតព្វកិច្ច ដូមមានចែងក្នុងមាត្រា៥ មាត្រា៦ និងមាត្រា១៥ នៃអនុក្រឹត្យនេះ​ ហើយមិនព្រមបង់ភាគទានចូលហិបមូលនិធិជនពិការ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ដូចមានចែងក្នុងមាត្រា៥៤ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។ក្នុងករណីមិនគោរពតាមកថាខណ្ឌខាងលើ ត្រូវផ្តន្ទាទោសដូចមានចែងក្នុងមាត្រា៥៦ នៃច្បាប់ស្តីពីកិច្ចការពារ និងលើកម្ពស់សិទ្ធិជនពិការ៕