(កណ្តាល)៖ កម្លាំងនគរបាលស្រុកអង្គស្នូល ឃាត់ខ្លួនបុរសម្នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មនៅសកម្មដកហូតបានថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់ តូចធំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅលើផ្លូវបេតុង ភូមិព្រៃពូង ឃុំពើកអង្គស្នូល ស្រុកអង្គស្នូល ខេត្តកណ្តាល។

នគរបាលស្រុកអង្គស្នូល បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សុន សុភក្ត្រ័ អាយុ ២៧ឆ្នាំ មានមុខរបរជាសន្តិសុខយាមក្រុមហ៊ុន មានទីលំនៅភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

នគរបាលដដែល បានបន្តថា មុនឃាត់ខ្លួនជនសង្ស័យខាងលើដោយកម្លាំងនគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលប៉ុស្តិ៍ចេញដើរល្បាត នៅក្នុងមូលដ្ឋាន ដើម្បីរកក្សាសន្តិសុខជូនប្រជាពលរដ្ឋលុះល្បាតដល់ចំណុចកើតហេតុស្រាប់តែប្រទះឃើញមុខសញ្ញាសង្ស័យបានហៅដើម្បី ត្រួតពិនិត្យ រួចរកឃើញថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់។

បន្ទាប់ពីសួរនាំចម្លើយរួចជនសង្ស័យ បានសារភាពថាថ្នាំញៀនទាំងនេះ ត្រូវបានខ្លួនទៅទិញពីមនុស្សប្រុសម្នាក់ មិនស្គាល់ឈ្មោះក្នុងតម្លៃ ១០ម៉ឺនរៀល នៅផ្តុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់បន្តក្នុង១កញ្ចប់តូច តម្លៃ២ពីរម៉ឺនរៀល ទៅ៣ម៉ឺនរៀល។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្តុតាងត្រូវកម្លាំងនគរបាលស្រុកអង្គស្នូល កសាងសំណុំដើម្បីចាត់ការតាមនីតិវិធីច្បាប់៕