(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាគារ ចំនួន១ខ្នងជាអំណោយរបស់អង្គការ មជ្ឈមណ្ឌលអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស (SEAPC-C) នៅក្នុងបរិវេណវិទ្យាល័យជប់វារី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។
ក្នុងនោះក៏មានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងនាយកអង្គការមជ្ឈមណ្ឌល អប់រំបណ្ដុះបណ្ដាលបច្ចេកទេស( អង្គការ SEAPC-C) សហការី ព្រមទាំងមន្ត្រីរាជការពាក់ព័ន្ធ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុប១,០០០នាក់។
ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានលើកឡើងថា ក្រោមយុទ្ធសាស្រ្តឈ្នះឈ្នះប្រកបដោយភាព ច្បាស់លាស់ រឹងមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រទេសកម្ពុជាសព្វថ្ងៃមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះយុវជន-យុវនារី ជាកម្លាំងដ៏សំខាន់ចាំបាច់ណាស់ ក្នុងការរួមចំណែកថែរក្សានូវសុខសន្តិភាព ឲ្យមាននិរន្តភាពដើម្បីបន្តដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យរីកចម្រើនបានឆាប់រហ័ស។
លោកបានថ្លែងកើតសរសើរ និងថ្លែងអំណរគុណដល់ ម្ចាស់ជំនួយអង្គការ (SEAPC-C) ដែលបានផ្តល់នូវអគារសិក្សាមួយខ្នង ដោយចំណាយថវិកា កសាងសរុប ១៥០,០០០ដុល្លារ នេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស ចូលទៅសិក្សាក្រេបជញ្ជក់យកចំណេះដឹងពីលោក គ្រូអ្នកគ្រូ ក្នុងការលើកកម្ពស់សមត្ថភាពរបស់ខ្លួន និងដើម្បីអប់រំខ្លួន ឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អសម្រាប់គ្រួសារនិងសង្គមជាតិ ទាំងមូល។ ក្នុងបរិបទសកល គោលដៅអភិវឌ្ព្យន៍ប្រកបដោយចីរភាព បានផ្ដោតលើការអភិវឌ្ព្យន៍ធនធានមនុស្សជំនាន់ថ្មី ឲ្យមានសមត្ថភាពពេញលេញ ប្រកបដោយគុណភាព ដែលជាត្រីវិស័យសម្រាប់រួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យមានការរីកចម្រើន។
ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី កែ គឹមយ៉ាន បានផ្តាំដល់ក្មួយៗជាសិស្សានុសិស្ស និងអ្នកចូលរួមទាំងអស់ ត្រូវតែចូលរួម ថែរក្សាអគារសិក្សា បរិស្ថាន និងខិតខំរៀនសូត្រ ហើយផ្សព្វផ្សាយបន្តដល់មនុស្សជាទីស្រលាញ់កូនចៅ បងប្អូន មិត្តភក្តិត្រូវចៀសឲ្យឆ្ងាយពី អំពើអបាយមុខផ្សេងៗ ពិសេសគ្រឿងញៀន ត្រូវចាំថា ការដាំដុះ រក្សាទុក ចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាអំពើខុសច្បាប់។
ក្នុងឱកាសនោះ លោកបានភ្ជាប់មកនូវអំណោយឧបត្ថម្ភ រួមមាន៖ ជូនថវិកាដល់វិទ្យាល័យជប់វារី ១លានរៀល, ជូនលោកគ្រូ អ្នកគ្រូ ១១៨នាក់ ក្នុងម្នាក់ទទួល បានសារ៉ុង១ និងថវិកា២ម៉ឺនរៀល, សិស្សានុសិស្សចំនួន៤០២នាក់ ក្នុងម្នាក់ទទួល បានសៀវភៅ៤ក្បាលខ្មៅដៃ១ បិច១ និងថវិកា៥,០០០រៀល, ប្រជាពលរដ្ឋចូលរួម៥២៧នាក់ ក្នុងម្នាក់ទទួលបានសារ៉ុង១ និងបំពាក់មេដាយ គ្រឿងឥស្សរៈយស្តជូន ដល់ម្ចាស់ជំនួយចំនួន៤នាក់ផងដែរ៕