(កំពង់ចាម)៖ លោកឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកស្រីសន្ធរ បានបន្តចុះសួរសុខទុក្ខ និងបាននាំយកគ្រឿងបរិភោគ និងថវិកាមួយចំនួនជូនប្រជាពលរដ្ឋចំនួន៣៦០គ្រួសារ នៅក្នុងឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ព្រមទាំងបានពន្យល់ប្រាប់ប្រជាពលរដ្ឋត្រូវជឿជាក់លើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជន ដាច់ខាតកុំជឿតាមការញុះញង់របស់ជនអគតិឲ្យសោះ។
សកម្មភាពនេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងគោលបំណងដើម្បីពង្រីកចលនាស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ និងដោយមើលឃើញពីការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ របស់ចាស់ជរាគ្មានទីពឹង អ្នកមានជំងឺប្រចាំកាយទីទាល់ក្រ និងដោយមិនប្រកាន់ជំនឿសាសនា ពណ៌សម្បុរ និន្នាការនយោបាយអ្វីទាំងអស់ ជាក់ស្តែងនៅក្នុងបរិវេណវត្តទងត្រឡាច។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងថា អ្នកមានជំងឺប្រចាំកាយចំនួន ៦នាក់ មិនមានលទ្ធភាពដើម្បីទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងអ្នកស្លាប់៣នាក់ នៅក្នុងភូមិបឹងទីង និងអំពីដំណើរការណ៍ក្នុងការជួសជុលផ្លូវនៅក្នុងភូមិបឹងទីង។
លោក ឡូវ ហ៊ឹង បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាននិងកំពុងជំរុញឲ្យមន្រ្តីរាជការទាំងអស់ ធ្វើការងារយ៉ាងជិតសិទ្ធជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យការងារមួយចំនួនមានភាពជឿនលឿនទៅមុខ និងជៀសវាងការប្រគល់ភារកិច្ចទៅឲ្យថ្នាក់ក្រោមធ្វើការអនុវត្តខុស ដែលជាមូលហេតុធ្វើឲ្យប្រជាពលរដ្ឋធ្វើការវាយតម្លៃខុសទៅលើរាជរដ្ឋាភិបាល។
លោក ឡូវ ហ៊ឹង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្រ្ត គឺបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម បូរណភាពទឹកដី ធ្វើឲ្យប្រជាពលរដ្ឋមានឱកាសកសាងជីវភាពរីកចម្រើន ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រដែលមកដល់បច្ចុប្បន្ននេះ បានពង្រីកហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ដំឡើងប្រាកបៀវត្សដល់មន្ត្រី រាជការ កងកម្លាំងប្រដាប់អាវុធ កម្មករជាបន្តបន្ទាប់។
លោក ឡូវ ហ៊ឹង បានក្រើនរំលឹកដល់កម្មករ-កម្មការនីសូមឲ្យចងចាំថា គ្មានអ្វីប្រសើរជាងការរស់នៅប្រកបដោយសុខសន្តិសុខ ស្ថេរភាពនៅក្នុងសង្គម ហើយការងារនៅក្នុងប្រទេសទេ ព្រោះថា ទោះបីចំណូលបានតិចក្តី ច្រើនក្តីក៏អាចរស់នៅជួបជុំក្រុមគ្រួសារ ហូបបាយជុំគ្រួសារ និងអាចមើលថែរក្សា និងបញ្ជូនកូនចៅទៅរៀនសូត្រ ព្រមទាំងបានថែររក្សាឪពុកម្តាយ ដែលមានវ័យចាស់ជរាផងដែរ និងសូមកុំចាញ់បោកការញុះញង់របស់ជនអគតិមួយចំនួន ដើភូតភរកុហកបោកប្រាស់សន្យាខ្យល់ឲ្យនេះឲ្យនោះ ប៉ុន្តែមិនដែលបានជួយដោះស្រាយអ្វីសោះ។
លោកបានចែកជូននូវអំណោយមួយចំនួន រួមមាន៖ គ្រឿងឧបភោគ ប្រតិទិនចំនួន ៣,០០០ឈុត និងថវិកាចំនួន១, ៥០០ដុល្លារ បានផ្តល់ជូនឃុំត្រឡាចសម្រាប់ចែកជូនប្រជាពលរដ្ឋផងដែរ៕