(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានឲ្យដឹងថា កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងកម្លាំងចរាចរណ៍ស្នងការនគរបាលខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យ២នាក់ និងថ្នាំញៀនមួយចំនួន នៅពេលកំពុងត្រួតពិនិត្យអាវុធជាតិផ្ទុះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថាប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ។
លោកបានបញ្ជាក់ថា កម្លាំងនគរបាលបានធ្វើរដ្ឋបាលចំហរត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម បានត្រួតពិនិត្យរថយន្តមួយគ្រឿង ម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2P-7159 បើកបរដោយឈ្មោះ ហុង សុខនី អាយុ២៤ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី និងឈ្មោះ ស៊្រាន បារាំង អាយុ២៣ឆ្នាំ មុខរបរព្រូរថយន្ត អ្នកទាំងពីរមានទីលំនៅភូមិខ្លូយទី ឃុំមៀន ស្រុកព្រៃឈរ រកឃើញម្សៅក្រាមពណ៌សចំនួន ២កញ្ចប់ ទូសព្ទ័ចំនួន៣គ្រឿង លុយ៤០ម៉ឺនរៀល។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមច្បាប់៕