(កំពង់ចាម)៖ កម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារ ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានប្រារព្ធពិធីអបអរខួប៦ឆ្នាំ របស់ខ្លួនតាមរយៈការពង្រីកការអប់រំអំពីសុវត្ថិភាព ចរាចរណ៍ទៅកាន់សាលាបឋមសិក្សាវាលវង់ ស្ថិតក្នុងខេត្តកំពង់ចាម។ ក្នុងឆ្នាំនេះកម្មវិធីបានផ្តល់មួកសុវត្ថិភាពដែលមានគុណភាពជាង១,០០០មួកសុវត្ថិភាពដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងមាតាបិតាសិស្ស។ ជាមួយគ្នានេះដែរ កម្មវិធីក៏ផ្តល់នូវការអប់រំដល់សិស្សានុសិស្សសំដៅបង្កើនការយល់ដឹងរបស់ពួកគេអំពីសុវត្ថិភាពចរាចរណ៍ផងដែរ។
លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា «កាលពីឆ្នាំ២០១៦ មានមនុស្ស៨៦នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តរបស់យើង។ វាពិតជាមិនអាចទៅរួចទេ ក្នុងការវាស់វែងពីទំហំនៃការឈឺចាប់ និងការទទួលរងនូវការ បាត់បង់ទាំងឡាយ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ ប៉ុន្តែការបំពេញការងារជាមួយអង្គការ មូលនិធិបង្ការរបួសអាស៊ី និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា លើកម្មវិធីមួកសុវត្ថិភាពសម្រាប់ក្រុមគ្រួសារនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅធ្វើឱ្យការធ្វើចរាចរណ៍ របស់ប្រជាពលរដ្ឋនៅក្នុង សហគមន៍របស់យើងកាន់តែមានសុវត្ថិភាព»។
លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា «ជារៀងរាល់ឆ្នាំនៅកម្ពុជាមានអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត២០០០នាក់។ ដោយសារទោចក្រយានយន្ត(ម៉ូតូ) និងទោចក្រយានយន្តសណ្តោងរ៉ឺម៉កមានរហូតដល់ទៅ៨៣ភាគរយ នៃយានយន្តសរុបដែល កំពុងធ្វើចរាចរណ៍នៅលើដងផ្លូវក្នុងប្រទេសកម្ពុជា ដូច្នេះកម្មវិធីមួកសុវត្ថិភាព សម្រាប់គ្រួសារពិតជាមានសារសំខាន់ណាស់ ក្នុងការកសាងចំណេះដឹងសុវត្ថិភាពចរាចរណ៍ និងធ្វើឱ្យកុមាររបស់យើង កាន់តែមានសុវត្ថិភាព។ ខណៈដែលកម្ម វិធីនេះបន្តសកម្មភាពរបស់ខ្លួន ចំនួនមួកសុវត្ថិភាពដែលផ្តល់ជូន ព្រមទាំងសកម្មភាពពង្រឹងការយល់ដឹង នឹងត្រូវបង្កើនហើយនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា»។
គិតចាប់ពីពេលប្រកាសផ្តើមអនុវត្តកម្មវិធី ក្រោមភាពជាដៃគូជាមួយក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា កាលពីឆ្នាំ២០១២ កម្មវិធីមួកសុត្ថិភាពសម្រាប់គ្រួសារបានផ្តល់មួកសុវត្ថិភាពប្រមាណជិត៥០០០មួក និងសិក្ខាសាលាបណ្តុះ បណ្តាលអំពីសុវត្ថិភាពចរាចរណ៍ចំនួន១៨ លើកដល់លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ប្រមាណ៦០០នាក់។
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាននិយាយថា «យើងប្តេជ្ញាក្នុងការកសាងអនាគតដ៏ល្អប្រសើរ សម្រាប់គ្រួសារទាំងឡាយនៅក្នុងសហគមន៍ ដែលយើងកំពុងធ្វើប្រតិបត្តិការអាជីវកម្ម។ កម្មវិធីមួកសុត្ថិភាពសម្រាប់គ្រួសារនេះគឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីធានាសុវត្ថិភាពជូនកុមារ និងក្រុមគ្រួសារកម្ពុជាតាមរយៈការផ្តល់ការអប់រំដល់ពួកគេអំពីសុវត្ថិភាពចរាចរណ៍ និងសារសំខាន់នៃការពាក់មួកសុវត្ថិភាពដែលមានគុណភាពនៅពេលធ្វើដំណើរតាមម៉ូតូ ឬកង់នៅលើដងផ្លូវ»។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាបានក៏បានថ្លែងថា «សាលាបឋមសិក្សាវាលវង់ត្រូវបានជ្រើសរើសមកអនុវត្តកម្មវិធីដោយសារតែទីតាំងជាតំបន់ដែលមានប្រឈមនឹង គ្រោះថ្នាក់ចរាចរណ៍ខ្ពស់ ហើយសិស្សានុសិស្សត្រូវធ្វើដំណើរទៅមកសាលារៀនតាមផ្លូវដែលមានចរាចរណ៍មមាញឹកនៅក្នុងខេត្ដ។ សិស្សានុសិស្សរបស់សាលារៀននេះប្រមាណ៨០ ភាគរយធ្វើដំណើរទៅមកដោយជិះកង់ ឬតាមម៉ូតូជាមួយអាណាព្យាបាល»។
លោកបានបញ្ជាក់ទៀតថា៖ «កាលពីឆ្នាំសិក្សា២០១៦-២០១៧ មានសិស្សានុសិស្ស៥នាក់ និងលោកគ្រូ អ្នកគ្រូចំនួន៤ នាក់នៃសាលាបឋមសិក្សាវាលវង់បានទទួលរងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍។ ដូច្នេះកម្មវិធីមួកសុវត្ថិភាពសម្រាប់គ្រួសារនឹងផ្តល់មួកសុវត្ថិភាពដែលមានគុណភាព រួមជាមួយនឹងការបណ្តុះបណ្តាលអំពីសុវត្ថិភាពចរាចរណ៍ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នករស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះបំផុត»។
ចូលរួមនៅក្នុងអង្គពិធីនេះរួមមាន៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ អ្នកសារព័ត៌មាន និងសមាជិកសហគមន៍ប្រមាណ១០០០នាក់។
សូមបញ្ជាក់ថា អង្គការមូលនិធិបង្ការរបួសអាស៊ី ជាអង្គការមូលនិធិបង្ការរបួសអាស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្ការការរងរបួស និងការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងបណ្តាប្រទេសដែលមានចំណូលទាប និងមធ្យម។ អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលអង្គការមូលនិធិបង្ការរបួសអាស៊ី បានអនុវត្តកម្មវិធីសុវត្ថិភាពចរាចរណ៍ដ៏មានប្រសិទ្ធភាពនៅបណ្តាប្រទេសជាច្រើនរួមមាននៅទ្វីបអាស៊ី និងទ្វីបអាហ្វ្រិក។ ដើម្បីស្វែងយល់បន្ថែមសូមចូលទស្សនាគេហទំព័រ www.aip-foundation.org ឬភ្ជាប់ទំនាក់ទំនងជាមួយយើងខ្ញុំនៅលើ Twitter @AIPFoundation។
អំពីក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ក្រុមហ៊ុនមេនូឡាយហ្វ៍ខេមបូឌា បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ និងជាទីផ្សារថ្មីចុងក្រោយរបស់ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងពិភពលោក។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានភាគហ៊ុនបរទេស ១០០% ដំបូងគេនៅព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុនមេនូឡាយហ្វ៍ ខេមបូឌា បានប្តេជ្ញាចិត្តផ្តល់ជូនអតិថិជននូវផលិតផល និងសេវាកម្មផ្នែកការពារហិរញ្ញវត្ថុដែលជាតម្រូវការចាំបាច់របស់ពួកគាត់។ កាលពីខែមិថុនា ឆ្នាំ២០១៧នេះ ក្រុមហ៊ុនមេនូឡាយហ្វខេមបូឌា ទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំផ្នែកទំនួលខុសត្រូវសង្គម ប្រចាំឆ្នាំពីស្ថាប័ន Asia Pacific Customer Service Consortium (APCSC)៕