(កំពង់ចាម)៖ លោកបណ្ឌិត ស្តើង សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា(CUS) នៅថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទស្តីពី មាគ៌ាឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង នៅសាខាសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តសៀមរាប កំពង់ធំ កំពង់ចាម។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ស្តើង សុខុម បានលើកឡើងថា ដើម្បីស្វែងរកផ្លូវមួយដែលឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង មានសុភមង្គលក្នុងគ្រួសារ ជីវភាពរស់នៅធូរធារ មានភាពថ្លៃថ្នូរ និស្សិតគ្រប់រូបត្រូវមានវិជ្ជាជីវៈមិនថា វិជ្ជាជីវៈមានកម្រិតទាប ឬខ្ពស់មានសមត្ថភាពជំនាញខ្ពស់ និស្សិតត្រូវចេះបណ្តុះគំនិតរបស់ខ្លួន ចេះបង្កើតគោលដៅរបស់ខ្លួន ហើយត្រូវចេះសួរខ្លួនឯងថា តើយើងចង់បានអ្វី ចង់ធ្វើអ្វី ចង់ជ្រើសរើសមុខវិជ្ជាជីវៈអី្វ យកមកសិក្សា មានបំណងបែបណាចំពោះការសិក្សា ការចំណាយប្រាក់កាស និងពេលវេលាប៉ុន្មាន។
លោកបន្ថែមថា និសិ្សតគ្រប់រូបត្រូវយល់ថា ការផ្តើមចេញពីសកម្មភាពប្រចាំថ្ងៃរបស់អ្នកដែលអ្នកកំណត់បានគោលដៅ មានផែនការច្បាស់លាស់ បាន យល់ដឹងវិជ្ជាជីវៈបច្ចេកវិទ្យាថ្មីៗ អាចប្រកួតប្រជែងទទួលបាននូវទិន្នន័យព័ត៌មាន ដែលមានសារសំខាន់ ដោះស្រាយបានរាល់បញ្ហាកំពុងកើតឡើង និងបញ្ហាត្រូវប្រឈមដែលទាក់ទងក្នុងការសិក្សា ធ្វើឲ្យសម្រេចបាននូវគោលបំណង ឬសុបិន្ដដើមរបស់យើងម្នាក់ៗ នោះហើយជាមាគ៌ាឆ្ពោះទៅកាន់ អនាគតដ៏ភ្លឺស្វាងរបស់អ្នក។
ថ្នាក់ដឹកនាំរូបនេះ បានធ្វើការសន្និដ្ឋានជារួមថា មាគ៌ាឆ្ពោះទៅកាន់អនាគតភ្លឺស្វាងរបស់អ្នក គឺជាការកំណត់នូវដំណើរ នៃការសិក្សា និងការចាប់យកអាជីពការងារ ដ៏សំខាន់មួយសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងការរស់នៅ។
យ៉ាងណាមិញបុគ្គលម្នាក់បន្ទាប់ពីរូបសម្បត្តិ លក្ខណៈសម្បត្តិល្អហើយ ក៏ចាំបាច់ត្រូវមានចំណេះដឹង ជំនាញច្បាស់លាស់ ស្របតាមស្ថានភាពតម្រូវការរបស់ក្រុមហ៊ុន ឬស្ថាប័ននិងទៅតាមទីផ្សារការងារបច្ចុប្បន្ន ដូចជាចំណេះដឹង ក្នុងការគ្រប់គ្រងចាត់ចែងធនធានមនុស្ស ធនធានហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាពខ្ពស់ ទាំងនោះមកពីបុគ្គលម្នាក់ៗ ដែលកើតមកមានកាយសម្បទាគ្រប់គ្រាន់ គឺមានទ្រព្យសម្បត្តិ ជាមូលដ្ឋានរួចមកហើយនៅតែមានវិជ្ជាជីវៈបន្ថែមទៀត គឺមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដែលជាគ្រឹះផ្តើមចេញទៅកសាងកេរ្តិ៍ឈ្មោះ ដើម្បីក្លាយជាអ្នកជោគជ័យដោយប្រើប្រាស់គំនិតបញ្ញារបស់ខ្លួន ដែលជាមាសចំរាញ់មិនចេះរីងស្ងួតចេញពីខួរក្បាលរបស់មនុស្ស មិនមានទេអ្នកទទួលជោគជ័យ ក្នុងការងារដែលកើតឡើងមកដោយមិនបានធ្វើនោះ មិនបានប្រឹងប្រែងប្រកបការងារ រូបរាងកាយរបស់មនុស្សហាក់បីដូចជា សំបកកុំព្យូទ័រ (Hardware) រីឯសមត្ថភាពវិជ្ជាជីវៈបុគ្គលិក លក្ខណៈសម្បត្តិហាក់បី ដូចជាកម្មវិធីកុំព្យូទ័រ (Software) ឬក៏ទូរស័ព្ទដំណើរការបានល្អ គឺវាអាស្រ័យលើការបញ្ចូលគ្នារវាង Hardware និងSoftware រួមបញ្ចូលគ្នា យ៉ាងណាមិញបុគ្គលិកម្នាក់ក្រោយពីរូបសម្បត្តិល្អ ហើយក៏ចាំបាច់ត្រូវមានចំណេះដឹងជំនាញច្បាស់លាស់ តាមស្ថានភាពតម្រូវការ របស់ក្រុមហ៊ុន ឬស្ថាប័ន និងទៅតាមទីផ្សារកាងារបច្ចុប្បន្ន៕