(កំពង់ស្ពឺ)៖ សមាជិកក្រុមប្រឹក្សាឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកពីគណបក្សសង្គ្រោះជាតិ លោក សួន សារ៉ាង អាយុ៤៩ឆ្នាំ បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។
បើតាមលិខិតប្រកាស ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទយល់ឃើញទង្វើមិនសមស្របរបស់ កឹម សុខា និងបក្សពួកចូលរួមក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង។ ក្នុងនាមខ្ញុំជាខ្មែរ គឺមិនពេញចិត្តដាច់ខាត និងថ្កោលទាំងស្រុង ចំពោះបុគ្គល កឹម សុខានោះ»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖