(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានផ្សព្វផ្សាយពីមហន្តរាយនៃបដិវត្តន៍ពណ៌ដល់ប្រជាពលរដ្ឋមូលដ្ឋាន និងអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាសន្តិភាព កុំចូលរួមសកម្មភាពដែលបង្កចលាចលដល់សង្គម។
ការអំពាវនាវនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យការធ្វើបច្ចុប្បន្នភាពសមាជិកគណបក្សប្រមាណ ១០០នាក់ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទបល្ល័ង្ក ដែលមានការចូលរួមពីលោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។
លោកបានលើកឡើងថា កន្លងមក ប្រទេសលើពិភពលោក បើកើតមានចលនាបដិវត្តន៍ពណ៌ហើយ គឺពិបាកបង្រ្កាបណាស់ តែសម្រាប់នៅកម្ពុជា មេក្លោងបដិវត្តន៍ពណ៌ត្រូវបរាជ័យទាំងស្រុង ដោយសារតែថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានការឈ្លាសវៃ បានទប់ស្កាត់ទាន់ពេលវេលា ឈានដល់ការចាប់ខ្លួនជាបន្ទាន់បុគ្គល កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលួចបង្កើតគម្រោងចលនាបដិវត្តន៍ពណ៌ ដោយមានបរទេសជាគ្រូបង្ហាត់បង្រៀនពីក្រោយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងបានក្បត់ជាតិខ្លួនឯង។
លោកបានបញ្ជាក់ថា ពលរដ្ឋទាំងអស់គ្នាត្រូវស្វែងយល់ពីប្រវត្តិសាស្រ្តខ្មែរ ដែលបានជួបប្រទះភ្លើងសង្រ្គាមជាបន្តបន្ទាប់កន្លងមក ធ្វើឲ្យប្រទេសជាតិរលាយហិនហោច នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ព្រមទាំងបានកាប់សម្លាប់មខ្មែរអស់រាប់លាននាក់ ក្នុងរបបខ្មែរក្រហម កុំតែបានគណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីរណសិរ្យ ២ ធ្នូ ១៩៧៨ បានតស៊ូឈានទៅរំដោះជាតិបានទាំងស្រុង នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ខិតខំកសាង និងការពារតាំងពីបាតដៃទទេ រហូតដល់បានបង្រួបបង្រួមជាតិ ក្នុងគោលនយោបាយឈ្នះៗ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ ចូលរួមទប់ស្កាត់នូវអំពើខុសច្បាប់របស់ក្រុមមនុស្សមួយចំនួន អង្គការខ្លះ ពិសេសសកម្មជនបក្សប្រឆាំង មានបំណងចង់ធ្វើបាតុកម្ម ឬធ្វើអ្វីផ្សេងៗពាក់ព័ន្ធទៅនឹងបង្កអសន្តិសុខជាតិ។
លោក ជា អឿង ក៏បានបន្តផ្សព្វផ្សាយពីបញ្ហាជនទំនើង បញ្ហាគ្រឿងញៀន សកម្មភាពបង្កអសន្តិសុខក្នុងសង្គមជាតិ ដោយបានណែនាំថា អ្នកដែលពាក់ព័ន្អនឹងសកម្មភាពទាំងនេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយត្រូវត្រលប់ទៅចូលសាលារៀនវិញ ក្រេបយកចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាដ៏កំសត់មួយនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។