(កោះកុង)៖ ជំទប់ទី២ ឃុំឬស្សីជ្រុំ លោក អោក យ៉ុន និងជំទប់ទី២ ឃុំជំនាប់ លោក សុខ ធឿន នៅស្រុកថ្មបាំង ខេត្តកោះកុង បានប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារឃើញលោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឱនក្បាលបម្រើបរទេស បំបែកបំបាក់ជាតិឯង។
បើតាមលិខិតប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សមាជិកគណបក្សប្រឆាំងមួយនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ពីមុនខ្ញុំមិននឹកស្មានថា ការតស៊ូដំណើមអំណាចតាមរយៈការបោះឆ្នោត និងតាមរបៀបលទិ្ធប្រជាធិបតេយ្យពិតប្រាកដ។ ក៏ប៉ុន្ដែក្រោយពីបានឃើញឃ្លឹបវីដេអូ និងសកម្មភាពជាក់ស្ដែងញុះញង់ បំបែកបំបាក់ខ្មែរជាពីរ។ លោក កឹម សុខា និងគណបក្សសង្គ្រោះជាតិ សុខចិត្តឱនក្បាលបម្រើបរទេស គឺដើម្បីអំណាចមិនគិតពីមហន្ដរាយរបស់ជាតិ មាតុភូមិ នេះហើយអំពើក្បត់ជាតិ»។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖