(កំពត)៖ ​លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា សង្កាត់ត្រើយកោះ ក្រុងកំពត បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ចៅសង្កាត់រងទី២ របស់គណបក្សសង្គ្រោះជាតិ នៅសង្កាត់ត្រើយ បានប្រកាសដើរចេញពីបក្សក្បត់ជាតិមួយនេះ ហើយសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន។​

លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឲ្យដឹងថា ចៅសង្កាត់រងទី២ របស់បក្សប្រឆាំងមួយនេះ បានប្រាប់ពីមូលហេតុ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាថា ដោយយល់ឃើញទង្វើមិនសមស្របរបស់ កឹម សុខា និងបក្សពួកចូលរួមក្បត់ជាតិ ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញជាតិសាសន៍ខ្លួនឯង ហើយក្នុងនាមជាកូនខ្មែរមួយរូប លោកមិនពេញចិត្តដាច់ខាត និងថ្កោលទាំងស្រុង ចំពោះបុគ្គល កឹម សុខានោះ​។

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖