(ភ្នំពេញ)៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ជុំវិញករណីនិស្សិតពេទ្យមួយក្រុម មានគ្នា៣៥នាក់ដែលប្រឡងធ្លាក់ហើយ ស្នើសុំឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួយឲ្យពួកគេប្រឡងជាប់វិញនោះ គឺមិនមែនជានិស្សិតរបស់ខ្លួនឡើយ។

ជាមួយគ្នានេះ សាកលវិទ្យាល័យមួយនេះ បានបញ្ជាក់ទៀតថា សិស្សទាំង៣៥នាក់នោះ ពួកគាត់គ្រាន់ត្រឹមតែជា បេក្ខជនប្រឡងធ្លាក់ក្នុងការប្រឡង ជ្រើសរើសចូលរៀនថ្នាក់ឆ្នាំមូលដ្ឋាន (ឬថ្នាក់ឆ្នាំទី១) សម្រាប់ចូលរៀនតាមគ្រឹះស្ថានបណ្តុះបណ្តាល វិស័យសុខាភិបាលនានា ក្នុងសម័យប្រឡងថ្ងៃទី ២០ និង ២១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅ ដែលរៀបចំឡើងដោយ គណៈកម្មាធិការប្រឡងថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលវិស័យសុខាភិបាលតែប៉ុណ្ណោះ។

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបន្ថែមទៀតថា «សិស្សទាំង៣៥នាក់នេះ មិនមែនជានិស្សិតរបស់ សាកលវិទ្យាល័យវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលទេ។ រូបភាពដែលសិស្សនោះបានប្រើប្រាស់ គឺដោយសារតែសិស្សទាំងនោះ បានមកថតរូបនៅពីមុខស្លាកសញ្ញានៃ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលប៉ុណ្ណោះ»៕

ព័ត៌មានលម្អិតសូមអាន សេចក្តីប្រកាសព័ត៌មានរបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលទាំងស្រុង៖