(ភ្នំពេញ)៖ ក្រោយពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃរួចមក មានប្រជាពលរដ្ឋសរុប ៥៣៦,០២៣នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នារសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា ក្នុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរសរុប ៥៣៦,០២៣នាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី និងអ្នកត្រូវលុបឈ្មោះសរុបជាង ២០,៦០០នាក់។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។
លោកបានថ្លែងដូច្នេះថា «ចំនួនប្រជាពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មីនេះ ស្ថិតក្នុងអត្រាទាបនៅឡើយ នេះក៏ដោយសារមូលហេតុ តាមតួលេខប៉ាន់ស្មាន គឺជាង១លាន៦សែននាក់ ប៉ុន្តែការចុះឈ្មោះថ្មីនេះ បានជាង៥សែននាក់ នៅសល់ជាង១លាននាក់តិចតូច ប៉ុន្តែជា១លាននេះ វាដូចនឹងតួលេខនៅឆ្នាំ២០១៦ អីចឹងអ្នកជាង១លាននាក់នេះ គឺគាត់នៅក្រៅប្រទេសអត់បានមកចុះឈ្មោះ ចំនួននេះនៅដដែល ប្រហាក់ប្រហែលនឹងឆ្នាំមុនដែរ បានន័យថា អ្នកដដែលហ្នឹងទេ ដែលមិនបានមកចុះឈ្មោះថ្មី ចំណែកអ្នកគ្រប់អាយុ ផ្លាស់ប្ដូរទីលំនៅ ហើយនឹងអ្នកដែលមិនបានចុះនៅឆ្នាំ២០១៦ ក្នុងប្រទេស បានចេញមកចុះឈ្មោះស្ទើរតែទាំងអស់ហើយ»។
លោកបានបញ្ជាក់ថា បន្ទាប់ពីបញ្ចប់យុទ្ធនាការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នេះទៅ គ.ជ.ប គ្មានគម្រោងពន្យារ ឬបន្ថែមពេលវេលាចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋទៀតឡើយ ដោយសារការប្រមើលមើលទៅ ការចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ចំនួនប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោត មានជាង៩.៨លាននាក់ ហើយរយៈពេលចុះឈ្មោះ៩០ថ្ងៃ តែការចុះឈ្មោះថ្មីនៅឆ្នាំ២០១៧នេះ ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានមានតែជាង១.៦លាននាក់ទេ ហើយរយៈពេលនៃការចុះឈ្មោះដលទៅ៧០ថ្ងៃ ដូច្នេះ គ.ជ.ប គ្មានគម្រោងបន្ថែមរយៈពេលចុះឈ្មោះបោះឆ្នោតទៀតនោះទេ ម្យ៉ាង គ.ជ.ប ត្រូវការពេលវេលាធ្វើការដទៃទៀត ដោយសារឆ្នាំ២០១៨ ខាងមុខ គ.ជ.ប ត្រូវរៀបចំការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាផង និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រផង។
សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ គឺដើម្បីយកទៅប្រើប្រាស់ជាផ្លូវការ នៅពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕