(ភ្នំពេញ)៖ MG ជាផលិតផលក្រដាស និងជាម៉ាករបស់កម្ពុជាពិតៗ មកពីក្រុម MG Pacific ដែលជាម៉ាកសញ្ញាក្នុងស្រុកបង្កើតឡើងដោយសហគ្រិនកម្ពុជាមួយរូប ដែលមានលក់នៅលើទីផ្សារ សព្វថ្ងៃនេះ បានបើកសម្ពោធនូវការិយាល័យថ្មីរបស់ខ្លួនហើយ។
សហគ្រិនកម្ពុជាមួយរូប ដែលមានគំនិតច្នៃប្រឌិតបង្កើតនូវផលិតផលក្រដាសជូត និងក្រដាសប្រើប្រាស់ផ្សេងៗទៀត ដែលជាម៉ាកសញ្ញាផលិតនៅក្នុងស្រុកដែលមានគុណភាព និងអាចបំពេញតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់បប្រជាជនកម្ពុជា បានបើកសម្ពោធជាផ្លូវការនូវការិល័យថ្មីរបស់ខ្លួន ដែលពិធីនេះ គឺមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ដៃគូសហការ និងអ្នកសារព័តមានជាច្រើនរួប។
លោក តាំង សុជាតិ ដែលជាសហគ្រិនវ័យក្មេងកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន MG Pacific បានថ្លែងថា មុននឹងទទួលបានការគាំទ្រ និងជោគជ័យ ក៏ដូចជាការទទួលស្គាល់ពីគុណភាព និងសេវាកម្ម បានដូចសព្វថ្ងៃនេះ លោកបានជួបបញ្ហាប្រឈមជាច្រើនក្នុងអាជីវកម្ម ទាំងបញ្ហាដំណើរការក្រុមហ៊ុន និងបញ្ហាធនធានបុគ្គលិកជាដើម។ ក្រុមហ៊ុននេះ បានតស៊ូជំនះ និងបញ្ហាប្រឈមនានាក្នុងជីវិតអាជីវកម្ម តាំងពីចាប់ផ្តើមដំបូង ដែលមានមនុស្សធ្វើការតែ ២នាក់គត់ រហូតបានបើកសម្ពោធទីស្នាក់ការលក់ និងចែកចាយនាពេលនេះ។
លោកបានបញ្ជាក់ថា MG ជាផលិតផលក្រដាស និងជាម៉ាករបស់កម្ពុជាពិតៗ ហើយនាពេលកន្លងមកនេះ ក្រុមហ៊ុន MG Pacific បានជំរុញឲ្យមានការទទួលស្គាល់ក្រដាស MG ដែលជាម៉ាករបស់កម្ពុជានៅលើទីផ្សារ ដែលសព្វថ្ងៃនេះ ស្ទើរតែគ្របដណ្តប់នៅលើទីផ្សារទូទាំងប្រទេសកម្ពុជាទៅហើយ។
លោកបន្ថែមថា ផលិតផលក្រដាស MG បានជ្រៀតចូលទីផ្សារ តាមរយះក្រុមហ៊ុនរៀបអាពាហ៍ពិពាហ៍ ក្រុមហ៊ុនព្រីនវិក័យប័ត្រ និងតាមអេឡិចត្រូនិកនានា វិស័យធនគារ និងតាមបណ្តាទីផ្សារជាច្រើន ក៏ប៉ុន្តែលទ្ធផលទាំងនេះ នៅមិនទាន់អាចទទួលយកបាន លោកបាននិយាយថា ទីផ្សារផលិតផលរបស់លោកនៅតែមានចន្លោះជាច្រើនទៀត ដោយក្រុមហ៊ុន នឹងធ្វើការពង្រីកខ្លួនឲ្យបានកាន់តែខ្លាំងបន្ថែមទៀតនៅឆ្នាំ២០១៨ខាងមុខ។ ពេលនេះ មានការប្រគួតប្រជែងកាន់តែខ្លាំងឡើងៗ នៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ ដែលជាកត្តាមួយ ត្រូវជំរុញឲ្យម្ចាស់សហគ្រាស និងក្រុមហ៊ុននីមួយៗ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការបង្កើនគុណភាពផលិតផល និងសេវាកម្ម ការរក្សាកេរ្តិ៍ឈ្មោះ និងការទទួលស្គាល់ម៉ាកសញ្ញា នៃគុណភាពផលិតផលរបស់ខ្លួន។
លោកបានបន្តថា ក្រដាស MG បាននឹងកំពុងតែវិវត្តន៍ទៅមុខហើយ ដូច្នេះ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ គួរតែងាកមកប្រើប្រាស់ផលិតផលនៅក្នុងស្រុក ឲ្យបានច្រើន ដើម្បីរួមចំណែកឲ្យប្រទេសកម្ពុជា កាន់តែមានការអភិវឌ្ឍន៍លឿនទៅមុខ។ ក្រុមហ៊ុនបានត្រៀមខ្លួនជានិច្ច ដើម្បីចូលរួមចំណែក ក្នុងចែកចាយនូវផលិតផល ក្នុងស្រុកដែលមានគុណភាពខ្ពស់ ក៏ដូចជាជំរុញធ្វើយ៉ាងណាឲ្យប្រជាជនកម្ពុជា បានស្គាល់ និងគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន។
សព្វថ្ងៃនេះ MG Pacific បាននិងកំពុងផ្តល់កន្លែងការងារជាច្រើន ដល់យុវជនខ្មែរ។ ទន្ទឹមនិងមានវត្តមាននៅលើទីផ្សារសហគ្រាសនេះ ក៏តែងតែមានការពិបាកក្នុងការចាប់ផ្តើមដំបូងផងដែរ ហើយក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលយកភាពបរាជ័យ ដើម្បីឈានទៅរកការអភិវឌ្ឍន៍សហគ្រិន និងការបណ្តុះបណ្តាលការកែច្នៃដល់បុគ្គលិកជាបន្តបន្ទាប់៕