(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលសាខាបាត់ដំបង សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះចាប់ទំនិញខូចគុណភាពមានសាច់មាន់ ជង្គង់ ស្លាបមាន់ ចំនួន២៥០គីឡូក្រាម នៅមាត់ច្រកព្រំដែនកម្ពុជា-ថៃ ច្រកប៉ុស្តិ៍អូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យកមកដុតកម្ទេចចោលទាំងអស់ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ មានមន្រ្តីនគរបាល មន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត មន្រ្តីគយ នៅស្នាក់ការប៉ុស្តិ៍ និងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបការនាំទំនិញខូចគុណភាព បានចុះចាប់ទំនិញខូចគុណភាព មានសាច់មាន់ ជង្គង់មាន់ ស្លាបមាន់ ចំនួន២៥០គីឡូក្រាម ដែលឈ្មួញបានលួចលាក់នាំចូល យកមកចែកចាយលើទីផ្សារនៅលើទឹកដីខេត្តបាត់ដំបង។
លោកប្រធានសាខា បានណែនាំដល់អាជីវករជាអ្នកនាំចូល និងដាក់លក់ទំនិញខូចគុណភាព មេត្តាបញ្ឈប់នាំចូលទៀត ទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ហើយកម្លាំងកាំកុងត្រូល ក៏ចូលរួមទប់ស្កាត់ការនាំចូលទំនិញខូចគុណភាព មិនឲ្យមានលក់នៅលើទីផ្សារបន្តទៀតដែរ។
លោក ហាក់ សុខរិន បានបញ្ជាក់ថា កន្លងមក លោកតែងបានចាត់ឲ្យមន្រ្តីជំនាញ ដែលឈរជើងប្រចាំការតាមគោលដៅរៀងៗខ្លួន ក្នុងដែនដីខេត្តបាត់ដំបង និងតែងបានតាមឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់នូវការនាំចូលទំនិញ ពាក់ព័ន្ធនឹងចំណីអាហារខូចគុណភាព មិនឲ្យហូរចូលលក់ក្នុងទីផ្សារនានាបានឡើយ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់អាជីវករលក់តាមផ្សារ និងអ្នកប្រើប្រាស់ជាប្រចាំកន្លងមកផងដែរ៕