(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែវិច្ឆិកានេះ បានជួបសំណេះសំណាលជាមួយសមាជិក Group Facebook របស់គណបក្សប្រជាជនកម្ពុជាជាង ២០០នាក់ ដោយបានអំពាវនាវដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ សូមកុំចូលរួមសកម្មភាពដែលអាចបង្កទៅជាចលាចលដល់សង្គម និងចូលរួមទប់ស្កាត់សកម្មភាពទាំងនេះឲ្យខាងតែបាន។
អង្គពិធីបានអនុញ្ញាតឲ្យតំណាងតាមមន្ទីរ-អង្គភាពនានា តំណាងសហជីព សកម្មជនតាមមូលដ្ឋានក្រុង-ស្រុក ចូលរួមបញ្ចេញមតិយោបល់ថ្មីៗ និងការខ្វះខាតកន្លងមក ដើម្បីកែលម្អយុទ្ធសាស្ត្រជួយការផ្សព្វផ្សាយ ជូនដល់មហាជនឲ្យបានស្វែងយល់ពីនយោបាយ និងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងនាមជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា។
លោកអភិបាលខេត្តបានលើកឡើងថា ការផ្លាស់ប្ដូររបបដឹកនាំរបស់អ្នកដឹកនាំពីអតីតកាល ដូចជា ប៉ុល ពត និង លន់ ណុល សុទ្ធតែបានបំផ្លាញប្រទេសជាតិធ្លាក់ដល់ចំណុចសូន្យ ហើយពេលកន្លងទៅថ្មីៗនេះ គណបក្សសង្គ្រោះជាតិ ក៏ចង់បង្កើតបដិវត្តន៍ពណ៌នៅកម្ពុជាដែរ ដូច្នេះសូមមន្ត្រីរាជការ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំចូលរួមជាមួយសកម្មភាពទាំងឡាយណា ដែលនាំប្រទេសជាតិទៅរកភាពចលាចល តែត្រូវចូលរួមទប់ស្កាត់ទង្វើទាំងនោះយ៉ាងដាច់ខាត។
លោកក៏បានបន្តផ្សព្វផ្សាយពីបញ្ហាជនទំនើង បញ្ហាគ្រឿងញៀន សកម្មភាពបង្កអសន្តិសុខក្នុងសង្គមជាតិ ដោយបានណែនាំថា អ្នកដែលពាក់ព័ន្អនឹងសកម្មភាពទាំងនេះ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ហើយត្រូវត្រលប់ទៅចូលសាលារៀនវិញ ក្រេបយកចំណេះដឹង និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាដ៏កំសត់មួយនេះ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
លោកបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជា មិនបានលាបពណ៌ចំពោះប្រជាពលរដ្ឋណាម្នាក់ថា ជាជនជាតិនេះ ជនជាតិនោះ ដូចគណបក្សសង្គ្រោះជាតិទេ ដូច្នេះប្រជាពលរដ្ឋត្រូវយល់ដឹងឲ្យច្បាស់ពីអំពើក្បត់ជាតិ របស់ប្រធានគណបក្សសង្គ្រោះជាតិ ហើយត្រូវឈប់ចាញ់បោកពាក្យញោះញង់បង្កចលាចល នៃទៅរកបដិវត្តន៍ពណ៌ និងការប្រមូលផ្តុំនានាដែលនាំដល់ការប្រើអំពើហិង្សាថែមទៀត៕