(កំពង់ធំ)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ១ពាន់នាក់ នៅឃុំត្បែង ស្រុកកំពង់ស្វាយ បានផ្សព្វផ្សាយពីគោលនយោបាយគាំពារប្រជាពលរដ្ឋ និងកម្មករនិយោជិត ក៏ដូចជាជម្រាបពីការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន របស់រាជរដ្ឋាភិបាល ក្រោមដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីផងដែរ។
ក្នុងពិធីសំណេះសំណាល នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ម្សិលមិញ លោក សុខ លូ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទំាងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ ទើបមានឱកាសបន្តការកសាង និងអភិវឌ្ឍន៍មូលដ្ឋានភូមិ ឃុំឲ្យកាន់តែរីកចម្រើនប្រសើរថែមទៀត និងបានបង្ហាញអំពីការយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋ ពីសំណាក់រាជរដ្ឋាភិបាល អំពីកិច្ចខិតខំប្រឹងប្រែងសំខាន់ៗ ដើម្បីទាក់ទាញអ្នកវិនិយោគិនបរទេសធំៗ មកបណ្ដាក់ទុនវិនិយោគជាច្រើននៅកម្ពុជា លើហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារខ្ពស់ៗ ផ្លូវថ្នល់ ស្ពានអាកាសខ្វាត់ខ្វែង ក្នុងក្រុងនៅតាមជនបទ។
លោកបន្ថែមទៀតថា ថ្មីៗនេះប្រមុខរាជរដ្ឋាភិបាល បានប្រកាសផ្ដល់អត្ថប្រយោជន៍ដល់កម្មករ-កម្មការិនី មានប្រាក់ខែគោលឡើងដល់ ១៧០ដុល្លារ នៅឆ្នាំ២០១៨ និងទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ឧបត្ថម្ភពេលឆ្លងទន្លេកូនមួយ ៤០ម៉ឺនរៀល កូនភ្លោះ ៨០ម៉ឺនរៀល ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរឡើង។
បន្ទាប់មក លោកបានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រឹងប្រែងធ្វើអំពើល្អ ហើយត្រូវមានការសម្រេចចិត្តឲ្យបានត្រឹមត្រូវ មុននឹងសម្រេចជឿលើអ្វីមួយ មិនត្រូវជឿលើការឃោសនា ឬការសន្យាខ្យល់ របស់ជនខិលខូចនោះឡើយ និងរួមគ្នាថែរក្សាសន្តិភាពនេះឲ្យបានស្ថិតស្ថិរគង់វង់ ដើម្បីរក្សាសេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋ បន្តការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនឆាប់រហ័ស។
បន្ទាប់ពីសំណេះសំណាលចប់ លោកបានផ្តល់ជូនសារុងដល់អ្នកចូលរួមប្រមាណជាង ១ពាន់នាក់ ដោយម្នាក់ៗទទួលបានសារុងមួយផងដែរ៕