(ហ្វីលីពីន)៖ នៅម៉ោង៥៖០០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមប្រជុំទ្វេភាគីជាមួយប្រទេសឡាវ និងប្រទេសរុស្សី ហើយបន្ទាប់មកសម្តេចនឹងចូលរួម អញ្ជើញចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ដើម្បីអបអរខួបលើកទី៥០ របស់អាស៊ាន ដែលរៀបចំឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ Facebook សម្តេចតេជោ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ។
Facebook របស់សម្តេចតេជោ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញដល់សណ្ឋាគារ THE PENINSULA HOTEL ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ប្រកបដោយសុវត្ថិភាពហើយ បន្ទាប់ពីបានធ្វើដំណើរតាមរថយន្តពីតំបន់ក្លាក មកកាន់ទីក្រុងម៉ានីលអស់រយៈពេល០១ម៉ោងកន្លះរួចមក។
ប្រភពព័ត៌មានដដែលបន្ថែមថា «តាមកម្មវិធីសម្រាប់ថ្ងៃនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញចូលរួមប្រជុំទ្វេភាគីជាមួយប្រទេសឡាវ និងប្រទេសរុស្សីនៅម៉ោង ៥៖០០នាទីល្ងាចនេះ មុននឹងអញ្ជើញចូលរួមពិធីជប់លៀងពិសេស (Gala Dinner) ដើម្បីអបអរខួបលើកទី៥០ របស់អាស៊ាន»៕