(ភ្នំពេញ)៖ បន្ទាប់ពីការពារមេដាយមាសពិភពលោកបានសម្រេចជាលើកទី២ លើវិញ្ញាសាវាយយកពិន្ទុ វីរកីឡាការិនី កែ ឡេង រួមទាំងប្រតិភូ និងក្រុមកីឡាការិនីប៉េតង់កម្ពុជា នឹងធ្វើដំណើរមកដល់កម្ពុជា នារាត្រីថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ ម៉ោង ១១៖១៥នាទីយប់ ខណៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំក្បួនដង្ហែរម៉ូតូធំចំនួន ១២គ្រឿង ដើម្បីអបអរសាទរដំណើរវិលត្រឡប់របស់ម្ចាស់មេដាយមាស ៣ជំនាន់ ក្រោយបញ្ចប់បេសកកម្មប្រកួតកីឡាប៉េតង់ជ្រើសរើជើងឯកពិភពលោក ឆ្នាំ២០១៧ នៅប្រទេសចិន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ដោយទទួលបានគោលការណ៍ណែនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមម៉ូតូធំ ១២គ្រឿង ដើម្បីរៀបចំក្បួនដង្ហែរអបអរសាទរម្ចាស់មេដាយមាសពិភពលោក ៣ជំនាន់ គឺវីរកីឡាការិនី កែ ឡេង ដូចអត្តពលិកដណ្ដើមបានមេដាយមាសពិភពលោកមុនៗដែរ ដើម្បីលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់វីរកីឡាករ-វីរកីឡាការិនីឆ្នើម ដែលដណ្ដើមបានមេដាយមាសពិភពលោកជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។
សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ វីរកីឡាការិនី កែ ឡេង បានបង្កើតប្រវត្តិសាស្ដ្រដ៏អស្ចារ្យជូនជាតិបន្ថែមទៀត ក្រោយផ្ដួលកីឡាការិនីថៃ ដោយពិន្ទុ ៤៣-៣៨ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាប៉េតង់ជ្រើសរើជើងឯកពិភពលោក ឆ្នាំ២០១៧ នៅប្រទេសចិន ដើម្បីការពារមេដាយមាសពិភពលោករបស់ខ្លួន ពោលគឺជាលើកទី៣ ដែលលោកស្រីដណ្ដើមមេដាយមាសនេះ ខណៈ ២លើកមុន គឺឈ្នះកាលពីឆ្នាំ២០១៣ នៅបារាំង និងឆ្នាំ២០១៥ នៅថៃ។ ហើយក្រោយ ១ថ្ងៃ វីរនារីឆ្នើមកម្ពុជា ឈ្នះមេដាយមាស ក្រុមកីឡាការិនីប៉េតង់កម្ពុជា ក៏ដណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿងផងដែរ លើវិញ្ញាសាក្រុម ៣នាក់ ទល់នឹង ៣នាក់។
ជាមួយគ្នានឹងការដណ្ដើមបានមេដាយមាសពិភពលោកជាថ្មីនេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានផ្ញើសារចូលរួមអបអរសាទរ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់សម្ដេចតេជោផងដែរ។ សម្ដេចបានចូលរួមអបអរវីរកីឡាការិនី កែ ឡេង តាមរយៈសារសរសេរថា «ខ្ញុំសូមកោតសរសើរ និងអបអរសាទរ ចំពោះកីឡាការនី កែ ឡេង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីទៀតហើយ នាថ្ងៃទី១០ ខែវិច្ឆិកា ២០១៧ នេះ ដោយដណ្តើមបានមេដាយមាស កម្រិតជើងឯក ពិភពលោកលើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារី ក្នុងការប្រកួតជ្រើសរើសជើងឯកកីឡាប៉េតង់ស្រ្តីពិភពលោក នៅទីក្រុង Kaihua ប្រទេសចិន ដែលមានប្រទេសចូលរួមចំនួន ៤៣ ប្រទេស និងទទួលបានមេដាយសំរឹទ្ធចំនួន១ ក្នុងការប្រកួតវិញ្ញាសាវាយជាក្រុមនារី៣នាក់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ»៕