(កំពង់ស្ពឺ)៖ កម្មករ-កម្មការិនីជិត៤ពាន់នាក់ នៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណចំពោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ ដែលបានចាត់ឲ្យក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ចុះជួយពិនិត្យ ព្យាបាលជំងឺ និងចែកជូនថ្នាំពេទ្យដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការថ្លែងអំណរគុណនេះ ធ្វើឡើងនាឱកាសដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត របស់លោក ហ៊ុន ម៉ានី ប្រមាណ២៦០នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយបាននាំអំណោយថ្នាំពេទ្យ ចុះទៅពិនិត្យ ព្យាបាលជំងឺជូនកម្មករ-កម្មការិនី នៅរោងចក្រសាងវ៉ូ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយឥតគិតថ្លៃចំនួន៣,៥៨៩ពាន់នាក់។ ក្នុងនោះបានពិនិត្យព្យាលបាលជំងឺស្រ្តី៤៣៩នាក់, ជំងឺផ្លូវចិត្ត១៥៦នាក់, ជំងឺឫសដូងបាត២១៣នាក់, ជំងឺសន្លាក់ឆ្អឹង៩៨នាក់, ជំងឺរលាកសួត១២៦នាក់, ជំងឺត្រចៀក ច្រមុះ បំពង់ក៩១នាក់, ជំងឺភ្នែក៧៦នាក់, ជំងឺសើរស្បែក៨៩នាក់, ជំងឺទឹកនោមផ្អែម២១៣នាក់, ជំងឺមាត់ធ្មេញ១៧៥នាក់, អេកូសាស្ត្រ១២៣នាក់, ការព្យាបាលរបួស និងវះកាត់តូច៣៩នាក់ និងជំងឺទូទៅ១៧៥១នាក់។
លោក ឈាន វណ្ណឌឿន ជាកម្មកររោងចក្រធ្វើការនៅកំពង់ស្ពឺ បានបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលរូបលោកទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ។ តាមរយៈសកម្មភាពនេះ លោកចង់ឲ្យក្រុមគ្រូពេទ្យឧស្សាហ៍ចុះមកបន្តិច ព្រោះជួយសម្រួលបានច្រើនដល់កម្មករ ដែលពីមុនមិនហ៊ានទៅពេទ្យព្យាបាលជំងឺ ដោយសារទីតាំងពេទ្យនៅឆ្ងាយ និងអស់លុយច្រើន។ លោក ឈាន វណ្ណឌឿន លើកឡើងថា «ខ្ញុំមានជំងឺដុំគិស ចេះតែឈឺ ហើយគ្រូពេទ្យពិនិត្យមើលមិញហ្នឹងថា មិនមែនជាបញ្ហាទេ គឺអាចវះចេញបានព្រោះវាជាដុំខ្លាញធម្មតាទេ»។
ស្រដៀងគ្នានេះដែរ អ្នកស្រី សាយ សុខុម រស់នៅស្រុករំរោងទង ខេត្តកំពង់ស្ពឺ បានបង្ហាញអារម្មណ៍សប្បាយចិត្ត នៅពេលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចុះមកព្យាបាលជំងឺពលរដ្ឋឥតគិតថ្លៃ ហើយកម្មករមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយទៅរកសេវាព្យាបាលជំងឺទេ។ អ្នកស្រី បានបញ្ជាក់បន្ថែមថា «ខ្ញុំចង់ឲ្យក្រុមគ្រូពេទ្យឧស្សាហ៍ចុះមកបន្តិច យ៉ាងហោចណាស់ក៏បានមួយខែឲ្យបានពីរដែរ។ ហើយជាក់ស្ដែងខ្ញុំកើតមានជំងឺកមរមាស់ ដែលត្រូវការថ្នាំព្យាបាលឲ្យបានទៀងទាត់»។
សូមបញ្ជាក់ថារយៈពេល៥៩ខែ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន២,០៥២នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៨៦លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន១៤៤,៣៨៩នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា៕