(ភ្នំពេញ)៖ តារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពខ្លាំង នៅកម្ពុជា គឺកញ្ញា Adda ម្ចាស់បទ «ពីរនាក់បានហើយ» បន្ទាប់ពីមានភាពជោគជ័យខ្លាំង គួរឲ្យកត់សំគាល់ និងមមាញឹកនឹងការងារសិល្ប: ផ្នែកនិពន្ធ ច្រៀង និង ផលិតវីដេអូចម្រៀងដោយខ្លួនឯងនោះរួចមក នាងទើបនឹងចេញបទចម្រៀងថ្មីសន្លាង ដែលកំពុងអង្រួនដួងចិត្តយុវវ័យ នាពេលបច្ចុប្បន្ននេះ គឺបទ «មានអ្នកថែឬនៅ» ដែលនិពន្ធទំនុកច្រៀង និងបទភ្លេងដោយនាងផ្ទាល់ និងមានការសហការរៀបរៀងតន្ត្រីដោយ Noly records។ ជាពិសេសបទនេះ គឺចេញក្នុងឱកាសអបអរ ថ្ងៃខួបកំណើតរបស់នាងតែម្ដង។
នៅក្នុងវីដេអូបទចម្រៀង ដែលទើបនឹងសម្ពោធការចេញផ្សាយ កាលពីល្ងាចថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះ អមជាមួយនឹងពិធីខួបកំណើត ដ៏អធិកអធមរបស់នាងផងនោះ គេសង្កេតឃើញថា វីដេអូចម្រៀងមួយនេះ ពិតជាមានភាពខុសប្លែកពី វីដេអូចម្រៀងផ្សេងៗរបស់នាង ដោយសាច់រឿងនៅក្នុងនោះ ហាក់បីដូចជារឿងពិតរបស់សាមីខ្លួន និងមានភាពផ្អែមល្ហែមខុសធម្មតា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺនៅពេលដែលការចាក់សម្ពោធវីដេអូ ត្រូវបានបញ្ចប់ នាងក៏ប្រកាសជាសាធារណ:តែម្តង អំពីទំនាក់ទំនងរបស់នាង និងតួប្រុសសំខាន់ក្នុងវីដេអូនោះ ដែលមានឈ្មោះ អេលែន តាន់ គឺពិតដូចជាអ្នកទាំងអស់គ្នា បានគិតមែន។
ស្រីស្រស់ Adda បានថ្លែងឲ្យដឹងថា ពួកគេមានការស្រឡាញ់ពេញចិត្តគ្នា អស់មួយរយ:ពេលមកហើយ រហូតដល់មានការសរសេរ ជាបទចម្រៀង និងផលិតវីដេអូនេះឡើង ដើម្បីចែករំលែកដល់អ្នកដែលស្រឡាញ់គាំទ្រ កញ្ញាអោយបានដឹងទៀតផង។ តាមការបញ្ជាក់ នាងបានជឿជាក់ថា អ្នកគាំទ្ររបស់នាងដ៏ពិតប្រាកដ ពួកគេនឹងសប្បាយចិត្ត នៅពេលដែលឃើញកញ្ញាសប្បាយចិត្ត ហើយកញ្ញាក៏មិនចង់មានអ្វីលាក់លៀមនឹងអ្នកគាំទ្រដែរ ព្រោះនេះជារឿងធម្មតាទៅហើយ ដែលមនុស្សស្រឡាញ់គ្នាមិនគួរ មានការលាក់បាំង ឬគេចវេសណាមួយនោះទេ ហើយនាងរីករាយនឹងទទួលយកការពិត និងហ៊ាននិយាយដោយបើកចំហ អំពីទំនាក់ទំនងមួយនេះ ដែលទង្វើនេះត្រូវបានគ្រប់គ្នាកោតសរសើរ ផងដែរ។
នាងបញ្ជាក់ថា ក្រឡេកមកមើលវីដេអូ «មានអ្នកថែឬនៅ» វិញ គឺពិតជាមានគុណភាពល្អក្នុងកំរិតស្តង់ដា ដោយនាងបានឲ្យដឹងថា នេះជាការផលិតលើកទីមួយរបស់ Studio A/3 Production ដែលជាផលិតកម្មរបស់នាងផ្ទាល់បង្កើតឡើង ដើម្បីផលិតវីដេអូចម្រៀង និងស្ប៉តពាណិជ្ជកម្មផ្សេងៗ ដែលកញ្ញាមិនផ្តោតទៅលើបរិមាណទេ តែផ្តោតទៅលើគុណភាព។ បើចង់ដឹងថា គូស្នេហ៍ពិតរបស់កញ្ញា អេដា ជានរណា សង្ហាប៉ុណ្ណា និងសមគ្នាប៉ុណ្ណានោះ សូមតាមដានទស្សនាវីដេអូចម្រៀង «មានអ្នកថែរឬនៅ» ទាំងអស់គ្នា៖