(ភ្នំពេញ)៖ ម្ចាស់ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌារត់ឈ្នួលគិតគីឡូ (ឡាំប្រឺតា) ដែលត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ឃាត់ទុករឿងអត់ស្លាកលេខចំនួន១៧០គ្រឿង នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បាននាំគ្នាកាន់ឯកសារពាក់ព័ន្ធទៅជួបជាមួយ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ដ្រីពាក់ព័ន្ធ ដើម្បីពិនិត្យ និងធ្វើស្លាកលេខជូនភ្លាមៗផងដែរ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានឲ្យដឹងថា ចំពោះអ្នកម្ចាស់ឡាំប្រឺតា មិនមានឯកសារជាក់លាក់ត្រឹមត្រូវ តម្រូវឲ្យទំនាក់ទំនង ទៅម្ចាស់ឃ្លាំងរកឯកសារ ដើម្បីធ្វើបែបបទស្នើសុំស្លាកលេខ ហើយសម្រាប់ម្ចាស់ឡាំប្រឺតា ដែលជួលគេ តម្រូវឲ្យជួបម្ចាស់អាជីវកម្ម ដើម្បីរកឯកសារពាក់ព័ន្ធមកបង្ហាញ ស្នើសុំធ្វើបែបបទ ពាក់ស្លាកលេខ។
មកទល់ពេលនេះ មន្ដ្រីជំនាញនៃមន្ទីរសាធារណការរាធានីភ្នំពេញ បាននិងកំពុងពិនិត្យឯកសារពាក់ព័ន្ធផ្សេង ដើម្បីរៀបចំធ្វើស្លាកលេខ និងកិបជូនភា្លមៗផងដែរ។
ជាមួយគ្នានោះ ម្ចាស់កង់បីឥណ្ឌា (ឡាំប្រឺតា) មួយចំនួនទៀត បានស្ម័គ្រចិត្តបើកចូលមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយក៏បានកាន់ឯកសារ មកស្នើសុំធ្វើស្លាកលេខតែម្ដង ក្រោយពីកម្លាំងនគរបាលតាមបណ្ដាខណ្ឌ ចាប់ឃាត់កាលពីម្សិលមិញ។
សូមជម្រាបថា ម៉ូតូកង់បីដែលផលិតនៅប្រទេសឥណ្ឌា ដែលគេស្គាល់ថា ជាកង់បីរត់ឈ្នួលគិតគីឡូនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ទុកប្រមាណ១៧០គ្រឿង ព្រោះតែពុំបានចុះបញ្ជី និងបំពាក់ស្លាកលេខបានត្រឹមត្រូវបានច្បាប់កំណត់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕