(ភ្នំពេញ)៖ ក្រោយពីបញ្ចប់កម្មវិធីចូលជួបសំដែងការគួរសមជាមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន, ការធ្វើទស្សកិច្ចសិក្សានៅតាមស្ថាប័នរដ្ឋ និងឯកជន ក៏ដូចជាកម្មវិធីទទួលការស្នាក់នៅ ជាមួយឪពុកម្តាយធម៌ ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ទាំង៣៦២នាក់ មកពី១១ប្រទេសរួមទាំងកម្ពុជា នឹងត្រឡប់ទៅកាន់ក្រុងព្រះសីហនុវិញ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ។
ប្រតិភូនាវាយុវជនទាំងអស់ គ្រោងនឹងបន្តដំណើរតាម កប៉ាល់ Nippon Maru ឆ្ពោះទៅកាន់ប្រទេសថៃ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកាស្អែកនេះ ដែលកម្មវិធីជូនដំណើរនឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភាកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, បណ្តាថ្នាក់ដឹកនាំក្រសួងអប់រំ, ថ្នាក់ដឹកនាំខេត្តព្រះសីហនុ, ថ្នាក់ដឹកនាំសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍កម្ពុជា និងឪពុកម្តាយរបស់ប្រតិភូយុវជនផងដែរ ។
សូមបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ឬហៅថាស្ពានយុវជនអាស៊ីអាគ្នេយ៍ ជាកម្មវិធីផ្លាស់ប្តូរយុវជនប្រចាំឆ្នាំ ដែលរៀបចំដោយរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលនៃបណ្តាប្រទេស អាស៊ីអាគ្នេយ៍ក្នុងគោលបំណង លើកកម្ពស់មិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក ក្នុងចំណោមយុវជននៃប្រទេសអាស៊ីអាគ្នេយ៍ទាំង១០ និងប្រទេសជប៉ុន។ កម្មវិធីនេះ ក៏ដើម្បីពង្រីកទស្សនវិស័យរបស់ពួកគេលើពិភពលោក និងដើម្បីពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនាញជាក់ស្តែងសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
កម្មវិធីនេះបានប្រមូលយុវជនជាង ៣០០នាក់ មកពីបណ្តាប្រទេសអាស៊ាន និងប្រទេសជប៉ុន ដោយផ្តល់ឲ្យពួកគេនូវឱកាសពិសេស ដើម្បីរស់នៅជាមួយគ្នានៅលើកប៉ាល់ Nippon Maru និងកម្មវិធីក្នុងប្រទេសដែលកប៉ាល់ចូលចត ក្នុងរយៈពេល៥២ថ្ងៃ។ សម្រាប់កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុនលើកទី៤៤ ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដោយការធ្វើដំណើរទៅប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ានមួយចំនួន។
កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន បានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៧៤ ដោយប្រទេសជប៉ុន និងបណ្តាប្រទេសអាស៊ានចំនួន៥ផ្សេងទៀត រួមមានឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ ប្រទេសប្រ៊ុយណេ បានចូលរួមក្នុងឆ្នាំ១៩៨៥, ប្រទេសវៀតណាម បានចូលរួមក្នុងឆ្នាំ១៩៩៦, ឡាវ និងមីយ៉ាន់ម៉ាបានចូលរួមក្នុងឆ្នាំ១៩៩៨ និងកម្ពុជាក្នុងឆ្នាំ២០០០។
ចាប់តាំងពីកម្ពុជាចូលជាសមាជិកនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននៅក្នុងឆ្នាំ២០០០មក មានអតីតប្រតិភូយុវជនចំនួន៥៤២នាក់ បានចូលរួមក្នុងកម្មវិធីនេះ ហើយដោយឡែកប្រតិភូយុវជនអាស៊ាន ជប៉ុនទាំងអស់សរុបមាន១៣៣៤២នាក់៕