(វៀតណាម)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូចូលរួមពិធីបើកពិព័រណ៌វប្បធម៌ពិភពលោកឃ្យុងយូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោកស្រីបានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៌វប្បធម៌ពិភពលោកក្រុងហូជីមិញ-ឃ្យុងយូ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម គឺប្រារព្ធឡើងចំពេល ដែលកម្ពុជា-វៀតណាម កំពុងប្រារព្ធខួបលើកទី៥០ នៃខួបទំនាក់ទំនងការទូត ហើយក៏ជាខួបទី២០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េ (ខាងត្បូង) និងជាខួបទី១១នៃការ បង្កើតពិព័រណ៌វប្បធម៌-ឃ្យុងយូ អង្គរនៅខេត្តសៀមរាបផងដែរ ។
លោកស្រីបានបន្តទៀតថា ព្រឹត្ដិការណ៏ពិព័រណ៌នេះ ធ្វើឡើងក្នុងគោលបំណង ជំរុញការផ្លាស់ប្ដូរវប្បធម៌ ក្នុងពិភពលោក ចែករំលែកគំនិត នៃការការពារបេតិកភណ្ឌពិភពលោក និងណែនាំផ្សព្វផ្សាយវប្បធម៌ នៃប្រទេសដែលចូលរួមនីមួយៗ ឲ្យពិភពលោកបានស្គាល់។ ពិភពលោកនឹងកាន់តែយល់ដឹងពីវប្បធម៌ និងសិល្បៈពិភពលោក ជាពិសេសវប្បធម៌ និងសិល្បៈកូរ៉េ វៀតណាម និងកម្ពុជា ដែលមានការទាក់ទាញ និងសម្បូរបែប ដែលនិងទាក់ទាញទេសចរណ៍ ឲ្យចូលមកទស្សនាប្រទេសទាំងនេះ កាន់តែច្រើនឡើងថែមទៀត៕