(ឧត្តរមានជ័យ)​៖​ ក្រោយការព្រាត់ប្រាសគ្នាអស់រយៈពេល ៣៨ឆ្នាំ ដោយសារសង្គ្រាមស៊ីវិលពីអតីតកាលហើយស្រាប់តែបានជួបគ្នាវិញក្នុងជីវិតវ័យចំណាស់រៀងៗខ្លួនហើយនោះ បានធ្វើឱ្យបងប្អូនបង្កើត ៣នាក់ មានក្តីរំភើបក្តុកក្តួល រំជើបរំជួលខ្សឹកខ្សួលអួលណែនឱរា ធ្វើឲ្យទឹកភ្នែកពួកគាត់ស្រក់ដោយមិនដឹងខ្លួន។

នេះជាករណីមួយផ្សេងទៀត នៃការជួបជុំគ្នាឡើងវិញ របស់ក្រុមគ្រួសារលោកស្រី ថែម ចាន់ អាយុ ៦១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលបានដាក់ពាក្យស្នើសុំមកកាកបាទក្រហមកម្ពុជា កាលពីខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះ ឱ្យជួយស្រាវជ្រាវរកប្អូនស្រីបង្កើតទាំង ២នាក់ ដែលបានបែកគ្នាកាលពីវ័យ ២៣ឆ្នាំ ក្នុងឆ្នាំ១៩៧៩ នៅចំណុចភូមិខ្វាវខាងលិច ឃុំតាភរ​ ស្រុកស្វាយចេក ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។

ដោយមានការខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ លោកស្រី ថែម ចាន់ បានជួបជុំជាមួយប្អូនស្រីបង្កើតទាំង ២នាក់ ឈ្មោះ ថែម ផុស អាយុ ៥៨ឆ្នាំ និងឈ្មោះ ថែម ផុត អាយុ ៥៦ឆ្នាំ ដែលកំពុងរស់នៅភូមិទួលល្វា ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សំឡេងជូនពរចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមការងារ បានផុសចេញពីក្រអៅបេះដូងរបស់​ពួកគាត់ទាំង ៣នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ បានពន្លឺឡើងដោយក្តីត្រេកអរក្រៃលែងឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបាន ។ ជាមួយនឹងការចូលរួមអបអរដល់ការជួបជុំគ្នានៃគ្រួសារដែលមានជីវភាពលំបាកមួយនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់រួមមាន ៖ អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួនដែរ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា មានផ្នែកស្រាវជ្រាវរកគ្រួសារដោយមិនយកសេវាកម្ម ផ្តល់ក្តីសង្ឃឹម ភាពជឿជាក់ និងជួយឲ្យបង-ប្អូន ដែលបែកបាក់ ព្រាត់ប្រាសគ្នា ដោយសារសម័យសង្គ្រាមឱ្យបានជួបជុំគ្នាឡើងវិញ នេះជាករណីទី ៣​ ហើយក្នុងឆ្នាំ២០១៧​ នេះ ដែលកាកបាទក្រហមកម្ពុជា បានជួយស្វែងរកគ្រួសារដែលព្រាត់ប្រាសគ្នាឲ្យពួកគាត់បានជួបជុំគ្នាឡើងវិញដោយក្តីរីករាយ៕