(កំពង់ឆ្នាំង)៖ លោក​ ណាង សុនាង សមាជិកក្រុមប្រឹក្សាឃុំក្តុលសែនជ័យ​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង មកពីគណបក្សសង្គ្រោះជាតិ បានបង្ហាញក្តីអស់ជំនឿទាំងស្រុង ទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ ជាពិសេសលោក កឹម សុខា តែម្ដងដែលក្បត់ជាតិទៅបម្រើបរទេស ទើបនៅពេលនេះ លោកបានប្រកាសដើរចេញពី CNRP ហើយមកសុំចូលរួមជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជាវិញ។

លោក ណាង សុនាង បានសរសេរលិខិតដាក់ជូន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន ដោយលោកអះអាងថា ការដើរចេញពីគណបក្សប្រឆាំងក៏ព្រោះតែ លោក កឹម សុខា គឺជាជនក្បត់ជាតិ ហើយចង់ដណ្ដើមអំណាច តាមរយៈការគាំទ្រពីបរទេស នៅពីក្រោយខ្នង។

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖