(ឧត្តរមានជ័យ)៖ មន្ត្រីអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះថា នាយប់ម៉ោងប្រមាន​៦៖០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ កំលាំងកងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកំលាំងអាវុធហត្ថស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យ ឈ្មោះ ហ៊ាប ធី ភេទនប្រុស អាយុ៤៥ឆ្នាំ ពាក់ពន្ធ័ករណីឃាតកម្ម នៅខេត្តកណ្តាល ហើយរត់គេចខ្លួន នៅពេលតាមប្រមាញ់ឃើញជនសង្ស័យនៅចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

មន្ត្រីអាវុធហត្ថដដែលបានបន្ថែមថា ពេលសមត្ថកិច្ចអាវុធហត្ថ កំពុងពទ័្ធចាប់ក៏ត្រូវបានជនសង្សយ័គប់គ្រាប់បែកចំនួន០២គ្រាប់ និងបាញ់មកលើសមត្ថកិច្ចអាវុធហត្ថ បណ្តាលឲ្យមន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបម្នាក់ឈ្មោះ អ៊ុយ ចយ រងរបួសស្រាលត្រង់ជើង រីឯជនសង្ស័យក្រោយបាញ់តបតរួច ក៏បានរត់គេចខ្លួនចូលក្នុងព្រៃ។

ភ្លាមៗនោះស្នងការនគរបាលខេត្តសៀមរាប  ក៏បានបញ្ជាកំលាំងចេញសហការជួយរុករកជាមួយ កំលាំងអាវុធហត្ថផងដែរ តែដោយព្រៃក្រាស់ និងយប់ងងឹតផងនោះ ជាហេតុធ្វើឲ្យជនល្មើសគេចខ្លួនបាន៕