(ហ្វីលីពីន)៖ តារាភាពយន្តដ៏ល្បីរបស់ហ្វីលីពីន អ្នកនាង «ម៉ារីម៉ា» នៅរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំដៃស្វាមីរបស់ខ្លួន មកជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី អ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា ក្នុងពិធីស្រស់ស្រូបអាហារ ដែលរៀបចំឡើងដោយលោកស្រី ក្លូរៀ អារីយ៉ូ អតីតប្រធានាធិបតីហ្វីលីពីន។
ក្រៅពីការជួបសម្តែងការគួរសមអ្នកនាង «ម៉ារីម៉ា» និងស្វាមី ក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ។ តារាភាពយន្តហ្វីលីពីន ដែលមានសម្រស់ដ៏ស្រស់សោភារូបនេះ ក៏បានផ្តល់ការថតរូបអនុស្សាវរីយ៍ជាមួយមន្រ្តីរបស់កម្ពុជា ប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន និងលោកស្រី អ៊ុងសាន ស៊ូជី ជាមេដឹកនាំប្រទេសសមាជិកអាស៊ាន ដែលបានទៅដល់ប្រទេសហ្វីលីពីនមុនគេ ដើម្បីត្រៀមចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងលោកស្រី អ៊ុងសាន ស៊ូជី នៅប្រទេសហ្វីលីពីន ត្រូវបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅជាទីបំផុតពីសំណាក់លោកស្រី អារីយ៉ូ ក៏ដូចជាមន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលហ្វីលីពីន៕