(កោះកុង)៖ សមាជិកក្រុមប្រឹក្សាឃុំម្នាក់ទៀតមកពីគណបក្សសង្រ្គោះជាតិ បានសម្រេចចិត្តដើរចេញពីបក្ស និងចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ ការសម្រេចិត្តដើរចេញនេះ បន្ទាប់ពីរូបគេបានដឹងច្បាស់ពីទង្វើក្បត់ជាតិរបស់លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ជាពិសេសបានឃើញពីទឹកចិត្តមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រមុខរាជរដ្ឋាភិបាល។

លោក យ៉ាន់ ម៉ៃ សមាជិកក្រុមប្រឹក្សាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើលិខិតសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឡុង ប៊ុន្នី តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះជាតិ ដែលទើបចាកចេញពីបក្ស ហើយមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជានាពេលថ្មីៗនេះ។

ក្នុងលិខិតសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោក យ៉ាន់ ម៉ៃ បានបង្ហាញពីមូលហេតុនៃការចាកចេញរបស់ខ្លួនថា «ពេលនេះខ្ញុំបាទបានយល់ច្បាស់ហើយថា លោក កឹម សុខា គឺជាជនក្បត់ជាតិ មានគោលបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ដែលអាចបង្កមហន្តរាយ និងអសន្តិសុខដល់ប្រទេសជាតិដែលកំពុងរីកចម្រើន»។

បើតាមលោក យ៉ាន់ ម៉ៃ ភាពមេត្តាធម៌របស់សម្តេចតេជោ ហ៊ុន សែន ក៏ជាមូលហេតុដែលលោកសម្រេចមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ។ លោក ម៉ៃ បានបញ្ជាក់ថា «ខ្ញុំបាទបានមើលឃើញកាន់តែច្បាស់ពីទឹកចិត្តមេត្តាធម៌ និងការសណ្តោសប្រណីរបស់សម្តេចតេជោ ចង់ឲ្យកូនចៅចេះស្រឡាញ់រួបរួមគ្នាបម្រើប្រជាជនឲ្យកាន់តែល្អប្រសើរ»។

នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។

សក្រោយការប្រកាសបើកផ្លូវ និងផ្តល់ឱកាសពីសំណាក់សម្តេចតេជោ ហ៊ុន សែន តំណាងរាស្រ្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់សរុបជាង ១០០នាក់ហើយ បានដើរចេញពីបក្សមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕

(សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖