(ភ្នំពេញ)៖ ម៉ូតូកង់បីដែលផលិតនៅប្រទេសឥណ្ឌា ដែលគេស្គាល់ថា ជាកង់បីរត់ឈ្នួលគិតគីឡូនោះ ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់ទុកប្រមាណ១៧០គ្រឿង ព្រោះតែពុំបានចុះបញ្ជី និងបំពាក់ស្លាកលេខបានត្រឹមត្រូវបានច្បាប់កំណត់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក៏ប៉ុន្តែ​ដោយមើលឃើញពីការខ្វះខាតជីវភាពរបស់ម្ចាស់ម៉ូតូកង់បីមួយចំនួន ក៏ដូចជាដើម្បីសម្រួលការងារដល់បងប្អូន រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ រៀបចំបំពេញបែបបទចុះបញ្ជី ធ្វើស្លាកលេខជូនម៉ូតូកង់បីទាំងអស់ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផ្ទាល់ ដោយពុំមានការផាកពិន័យ ចាប់ពីព្រឹកថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧​ស្អែកនេះតែម្តង។

ហេតុដូច្នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់​ម្ចាស់ម៉ូតូកង់បីដែលកំពុងរក្សាទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងអស់ ត្រៀមឯកសារពាក់ព័ន្ធ និងទៅចុះបញ្ជីធ្វើស្លាកលេខឲ្យបានត្រឹមត្រូវទាំងអស់គ្នានៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកស្ថិតនៅតាមបណ្តោយផ្លូវជាសុផារ៉ា ជិតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសូមបញ្ជាក់ជូនថា រដ្ឋបាលរាជធានីភ្នំពេញពុំមានចេតនាបង្កការរំខាន ឬធ្វើឲ្យរាំងស្ទះដល់ដំណើរការ ប្រកបអាជីវកម្មប្រចាំថ្ងៃ របស់បងប្អូនម្ចាស់ម៉ូតូកង់បីខាងលើនេះឡើយ ផ្ទុយទៅវិញ​នេះជាការអនុវត្តច្បាប់ ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីពង្រឹងនីតិរដ្ឋតែប៉ុណ្ណោះ៕