Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ចៅសង្កាត់, ចៅសង្កាត់រងទី១, ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សាសរុប៩នាក់ នៅរាជធានីភ្នំពេញ​របស់ CNRP ប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយ CPP ក្រោយដឹងលោក កឹម សុខា ជាជនក្បត់ជាតិ

11-11-2017 21:43

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះថា ចៅសង្កាត់, ចៅសង្កាត់រងទី១, ចៅសង្កាត់រងទី២ និងសមាជិកក្រុមប្រឹក្សា សរុបទាំងអស់៩នាក់ នៅក្នុងរាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

ប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ ត្រូវបានលោក ឃួង ស្រេង ឲ្យដឹងថា ដោយសារសមាជិកគណបក្សសង្គ្រោះជាតិ ទាំង៩នាក់ បានដឹងច្បាស់ថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្បត់ជាតិលក់ក្បាលបម្រើបរទេស ដើម្បីចង់បានតែអំណាចដោយមិនគិតពីផលប្រយោជន៍ជាតិ។

សមាជិករបស់គណបក្សសង្គ្រោះជាតិទាំង៩រូបនោះរួមមាន៖ ទី១៖​លោក សុខ សំណាង ចៅសង្កាត់វាលស្បូវ, ទី២៖លោក សុខ សារ៉ាត់ ចៅសង្កាត់រងទី១ សង្កាត់ក្រាំងធ្នង់, ទី៣៖លោកស្រី ហ៊ុន សំបូរ សមាជិកក្រុមប្រឹក្សា សង្កាត់គោកឃ្លាង, ទី៤៖លោក ម៉ៅ ប៊ុនរី ចៅសង្កាត់រងទី២ នៅសង្កាត់ផ្សារដេប៉ូ១, ទី៥៖លោក សាន សុខា បេក្ខភាពលេខរៀងទី២ សង្កាត់កន្ទោក, ទី៦៖លោក ហួន ភាព បេក្ខភាពលេខរៀងទី៦ សង្កាត់កន្ទោក, ទី៧៖លោក កែវ ចន បេក្ខភាពលេងរៀងទី៦ សង្កាត់កាកាប១, ទី៨៖លោក ហែម សាវ៉ាឌី សមាជិកក្រុមប្រឹក្សា សង្កាត់កាកាប និងទី៩៖លោក សូត្រ សុំ សមាជិកក្រុមប្រឹក្សា សង្កាត់ឪឡោក។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)៖