(កំពង់ធំ)៖ ក្រោមដំបូលនៃសន្តិភាព និងការអភិវឌ្ឍទាំងយប់ទាំងថ្ងៃ បានផ្ដល់ឱកាសឲ្យតំបន់ប្រាសាទសំបូរព្រៃគុក នៃខេត្តកំពង់ធំ បានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក សម្ញែងប្រាប់ពិភពលោកថា កម្ពុជាបច្ចុប្បន្នកំពុងមានសន្តិភាព ហើយកម្ពុជាក៏ធ្លាប់ជាប្រទេសមានអារ្យធម៌ខ្ពង់ខ្ពស់ល្បីល្បាយ តាំងពីសម័យបុរាណកាលរាប់ពាន់ឆ្នាំមកហើយ។
ក្រោយពីបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ រួចមក រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានបង្អួតសោភ័ណភាពដ៏ស្រស់ត្រកាលរបស់ខ្លួន ទៅកាន់ពិភពលោកជាថ្មីម្ដងទៀត ជាមួយវត្តមានរបស់ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងក្រុមបេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ចំនួន៦៥ប្រទេស (រួមទាំងកម្ពុជា) នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីរដ្ឋបាលខេត្តកំពង់ធំ ដឹកនាំដោយលោកអភិបាលខេត្ត សុខ លូ លោក គង់ វិមាន អភិបាលរង និងមន្ត្រីរាជការជាច្រើននាក់ទៀត។
គ្រាន់តែទៅដល់ទឹកដីរាជធានីខ្មែរបុរាណដ៏ធំមួយនេះភ្លាម ក្រុមបវរកញ្ញាពិភពលោក បានបន្លឺនូវសំឡេងសារស័ព្ទស្ញប់ស្ញែងជាខ្លាំង នៅពេលបានឃើញប្រាង្គប្រាសាទតូចធំជាច្រើន និងព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ជាមួយតន្ត្រីបក្សីច្រៀងសាទរចំពោះវត្តមានរបស់ពួកគេ ប្រៀបបាននឹងជីវិតបវរកញ្ញាឯកក្នុងរាជវាំងសម័យចេនឡា នៃអាណាចក្រខ្មែរយ៉ាងអញ្ចឹង។
ស្នាមញញឹមបិទមិនជិតរបស់ក្រុមបវរកញ្ញាទាំង៦៥ប្រទេសនេះ ពិតជាសក្តិសមនឹងទេសភាពក្នុងតំបន់ប្រាសាទសំបូរព្រៃគុកនេះខ្លាំងណាស់ ជាមួយការរចនាតុបតែងលម្អដោយវិចិត្រករសម័យបុរាណ ដែលបន្សល់លើប្រាង្គប្រាសាទនីមួយៗថែមទៀតនោះ រឹតតែធ្វើឲ្យសម្រស់របស់ក្រុមបវរកញ្ញា លេចធ្លោខុសប្លែកជាងពេលណាៗទាំងអស់។
វត្តមានរបស់ជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ និងក្រុមបេក្ខនារីបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ចំនួន៦៥ប្រទេសនេះ ជាតឹកតាងបង្ហាញយ៉ាងច្បាស់ប្រាប់ពិភពលោកថា កម្ពុជាបច្ចុប្បន្នពិតជាមានសុខសន្តិភាព មានសន្ថិរភាពពេញផ្ទៃប្រទេស មានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏រឹងមាំ និងឈ្លាសវៃ រហូតមានលទ្ធភាពសុំចុះបញ្ជីវប្បធម៌រូបី និងអរូបីជាច្រើន ទុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាក់ស្ដែងដូចជាប្រាសាទអង្គរ ប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនេះជាដើម។
សូមជម្រាបថា តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ចម្ងាយប្រមាណ ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ តំបន់ប្រាសាទនេះ ជារាជធានីខ្មែរបុរាណនាសម័យចេនឡា មានឈ្មោះថា «ឥសានបុរៈ» និងជាមជ្ឈមណ្ឌលសាសនាដ៏ធំ កសាងឡើងក្នុងវជ្ជកាលព្រះបាទឥសានវរ្ម័នទី១ អំឡុងសតវត្សទី៧ ក្នុងគោលបំណងដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។
ក្រុមប្រាសាទនេះសាងសង់ឡើងអំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ មានរូបចម្លាក់ដ៏ច្រើនសម្បូរបែប ដែលត្រូវបានរចនាលម្អលើជញ្ជាំងប្រាសាទ កំពែងប្រាសាទ និងមានរូបចម្លាក់ព្រះសិវៈ និងព្រះមហេសីរបស់ព្រះអង្គ តម្កល់ក្នុងប្រាសាទមួយចំនួនផងដែរ។
តាមការស្រាវជ្រាវបានឲ្យដឹងថា នៅតំបន់នោះមានប្រាសាទតូចធំប្រមាណ ២៩៣ប្រាង្គ ដែលចែកចេញជា៣ក្រុមធំៗ រួមមាន៖ ក្រុមប្រាសាទសំបូរ ក្រុមប្រាសាទតោ និងក្រុមប្រាសាទយាយព័ន្ធ។ តំបន់ប្រាសាទក្នុងរាជធានី មានបណ្ដោយ ៦គីឡូម៉ែត្រ និងទទឹង ៤គីឡូម៉ែត្រ ព្រមទាំងតំបន់ជុំវិញទៀត ពោលមានវិសាលភាពធំធេងណាស់។
សម្រាប់ស្ថាបត្យកម្មនៃប្រាង្គប្រាសាទសំបូរព្រៃគុក មានទម្រង់៣ប្រភេទ រួមមាន៖ រាងការេ (បួនជ្រុងស្មើ) រាងចតុកោណ (បួនជ្រុងទ្រវែង) និងអដ្ឋកោណ (ប្រាំបីជ្រុងស្មើ) ដោយតួប្រាង្គប្រាសាទមួយចំនួនមានឆ្លាក់រូបប្រាសាទនិម្មិត រំលិចក្បូរក្បាច់រចនាលម្អលើជញ្ជាំងប្រាសាទ និងផ្នែកផ្សេងៗសម្រាប់បូជាចំពោះអាទិទេពនៃហិណ្ឌូនិយម៕