(កំពង់ចាម)៖ ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហ៊ួត វុទ្ធី បានបញ្ជាឲ្យចាប់ខ្លួនអ្នកបើកបររថយន្ដដឹកកម្មករ បណ្ដាលឲ្យក្រឡាប់ហើយរងរបួសជិត១០០នាក់ នៅស្រុកជើងព្រៃ។ នេះបើតាមការឲ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ប្រាប់អង្គភាព Fresh News នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា អ្នកបើកបររថយន្ដឈ្មោះ ឆៃ គីមហេង ត្រូវបានតាមរកឃើញ និងចាប់ខ្លួននៅវេលាម៉ោង០១៖៣០នាទី ថ្ងៃទី១១ ខែវិច្ឆិកានេះតែម្ដង បន្ដពីទទួលបានបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្ត។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បង្កឡើងដោយ រថយន្តម៉ាកហ៊ឺយ៉ាន់ដាយ ខ្លួនឯងតែម្ដង ពាក់ស្លាកលេខកំពង់ចាម3A-4553 បើកបរដោយឈ្មោះ ឆៃ គីមហេង ទីលំនៅភូមិពោធិ៍ស្ទាង ឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។
បើតាមលោកឧត្តមសេនីយ៍ត្រី ឯម កុសល មុនពេលកើតហេតុរថយន្ដខាងលើ បានដឹកកម្មកររោងចក្របើកពីទិសខាងលិចទៅកើត ចូលរោងចក្រជូហួយ លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងបម្រុងចូលរោងចក្រជូហួយ ប៉ុន្ដែពេលបត់ចូលនោះអ្នកបើកបរបួងចង្កូតខ្លាំងពេក ក៏បណ្ដាលឲ្យក្រឡាប់ខ្លួនឯងតែម្ដង។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំងព្រឹកព្រលឹមនេះ បណ្ដាលឲ្យកម្មការិនីចំនួន៩២ នាក់រងរបួស ក្នុងនោះ កម្មការនី នៅរោងចក្រខាលីនតុន ចំនួន៥២នាក់ ក្នុងនោះមានផ្ទៃពោះចំនួន៤នាក់ និងកម្មការនី នៅរោងចក្រជូហួយ ចំនួន៤០នាក់ បានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ចំនួន០៣នាក់ បញ្ជូនទៅមន្ទីរពេទ្យខេត្ត០៥នាក់ និងនៅមន្ទីរពេទ្យស្រុកជើងព្រៃ ចំនួន៨៣នាក់ ជាកម្មការិនី នៅឃុំសណ្តែក ឃុំត្រប់ និងឃុំទំនប់ ស្រុកបាធាយប៉ុន្ដែទោះជាយ៉ាងណា ក្រោយកើតហេតុភា្លមៗ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដែលដឹកនាំដោយលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុក បានបញ្ជូនជនរងគ្រោះទាំងអស់ទៅសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ចំនួន៤នាក់ បានបញ្ជូនទៅសង្គ្រោះនៅភ្នំពេញ៕
\