កម្លាំងនគរបាលខេត្តកំពង់ចាម បង្ក្រាបគ្រឿងញៀនមួយករណី ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ និងថ្នាំមួយចំនួននៅស្រុកបាធាយ
11-11-2017 20:58
(កំពង់ចាម)៖ កម្លាំជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកជើងព្រៃ និងស្រុកបាធាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី ឯម កុសល បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោកវសេនីត្រី ជីវ សេងរស់ នាយរងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ដោយឃាត់ខ្លួនជនសង្ស័យ៦នាក់ ស្រីម្នាក់ ដោយប្រីវិធានញុះញង់។
លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ ហាក់ ធារិទ្ធ ហៅចង្រិត អាយុ២៧ឆ្នាំ, ទី២៖ឈ្មោះ សឺ ភា ភេទស្រី អាយុ២៨ឆ្នាំ, ទី៣៖ឈ្មោះ ហួត សីហា អាយុ៣០ឆ្នាំ, ទី៤៖ឈ្មោះ ជុន សុភា អាយុ១៧ឆ្នាំ, ទី៥៖ឈ្មោះ ម៉យ ធឿន អាយុ១៨ឆ្នាំ និងទី៦៖ឈ្មោះ ម៉ម ម៉ៃ អាយុ១៨ឆ្នាំ។ ដោយក្នុងនោះដកហូតបាន ម្សៅក្រាមពណ៌សថ្នាំញៀនចំនួន០២កញ្ចប់, ទូរស័ព្ទដៃ០៤គ្រឿង, ម៉ូតូ០១គ្រឿង និងឧបករណ៍សេពគ្រឿងញៀនមួយសម្រាប់។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕