(កំពង់ស្ពឺ)៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយត្រី សម សាមួន បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅវេលាម៉ោង០៦៖១០នាទី ព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្ដកុងទីន័រ បុកម៉ូតូមួយគ្រឿងពេញទំហឹង ហើយអូសជាប់ក្រោមឡាន បណ្ដាលឲ្យរថយន្ដឆេះក្បាលខាងមុខ ហើយអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ៥០-៥១ ស្ថិតក្នុងភូមិសាស្ដ្រក្រុងច្បារមន ដោយរថយន្ដបង្កបើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតខាងលើ ស្រាប់តែបុកម៉ូតូមួយគ្រឿងពេញទំហឹងតែម្ដង។
ក្រោយបុកភា្លមរថយន្ដបានឈប់នោះទេ ដោយអូសម៉ូតូជាប់ខាងក្រោម បណ្ដាលអ្នកបើកបរម៉ូតូដាច់ខ្លួនស្លាប់យ៉ាងអណោចអធ័ម ហើយរថយន្ដឆេះផ្នែកក្បាលខាងមុខ ប៉ុន្ដែត្រូវបានរថយន្ដពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ជួយអន្ដរាគមន៍បាញ់ពន្លត់ផងដែរ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងធ្វើការវាស់វែង និងយកវត្ថុតាងទាំង២ទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់ ដោយឡែកសាកសពកំពុងធ្វើការស្រាវជ្រាវរកក្រុមគ្រួសារ៕