(ភ្នំពេញ)៖ លោកបណ្ឌិត ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានអះអាងថា ប្រសិនបើប្រជាពលរដ្ឋខ្មែរ នៅតែជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នោះការរស់នៅរបស់ប្រជាពលរដ្ឋនឹងកាន់តែប្រសើរឡើង រីឯប្រទេសកម្ពុជាក៏មានឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការថ្លែងរបស់ថ្នាក់ដឹកនាំ ដែលតែងតែចុះជួយប្រជាពលរដ្ឋមូលដ្ឋានជាប់ជាប្រចាំរូបនេះ ធ្វើឡើងក្នុងឱកាសលោក រួមនិងក្រុមការងារចុះជួបសំណេះសំណាល ជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន៦០៤នាក់ នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧។
លោក ពេជ សោភ័ន បានអះអាងយ៉ាងច្បាស់ថា ក្រុមការងារចុះជួយស្រុកព្រៃកប្បាសទាំងអស់ នឹងជួយឲ្យប្រជាពលរដ្ឋរស់នៅទីនេះ កាន់តែរីកចម្រើនតទៅមុខទៀត ដោយរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
លោកបានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើប្រជាពលរដ្ឋនៅតែមានភាពជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា នោះប្រជាពលរដ្ឋនឹងកាន់តែប្រសើរឡើង ក្នុងការរស់នៅប្រចាំថ្ងៃ ដោយទទួលបាននូវសមិទ្ធផលជាច្រើនក្នុងភូមិ ឃុំ ពិសេសជួយឲ្យប្រសើរឡើងនូវជីវភាពរស់នៅប្រចាំថ្ងៃ»។
លោកថែមទាំងបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រាជរដ្ឋាភិបាលបានប្រកាន់ភ្ជាប់នូវគោលបំណង និងឧត្តមគតិឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ និងហ៊ានពលិកម្មឥតរុញរានៅគ្រប់ដំណាក់កាលប្រវត្តិសាស្រ្ត ដើម្បីឲ្យប្រទេសជាតិបានស្ថិតស្ថិរគង់វង់ រីកចម្រើនក្នុងឯករាជ្យ សេរីភាព និងវឌ្ឍភាពសង្គម។
លោកបានបន្តថា គណបក្សប្រជាជនកម្ពុជាបាននាំមកនូវឯកភាព សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើវិស័យ និងគ្រប់ទីកន្លែងជូនប្រជាពលរដ្ឋកម្ពុជា ដោយស្មារតីបង្រួបបង្រួមឯកភាពជាតិនេះហើយ បានជានាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍សមាជិកគណបក្សសង្គ្រោះជាតិ ដែលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មុនពេល និងក្រោយពេលគណបក្សប្រឆាំងមួយនេះត្រូវរំលាយ ដើម្បីបន្តរួមគ្នាថែរក្សាសន្តិភាព និងរួមគ្នាបម្រើប្រជាពលរដ្ឋ អភិវឌ្ឍន៍ប្រទេសកម្ពុជាដ៏កំសត់មួយនេះឲ្យកាន់រីកចម្រើនឆ្ពោះទៅមុខ៕