(សៀមរាប)៖ លោក ឃុន សុផល សមាជិកក្រុមប្រឹក្សាឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ បានបង្ហាញការអស់ជំនឿទាំងស្រុងទៅលើថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះ ជាពិសេសលោក កឹម សុខា តែម្ដងដែលក្បត់ជាតិទៅបម្រើបរទេស, នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកបានប្រកាសដើរចេញពី CNRP ហើយមកសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
លោក ឃុន សុផល បានសរសេរលិខិតដាក់ជូនប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន។ លោក ឃុន សុផល បានអះអាងថា ការចាកចេញព្រោះតែ លោក កឹម សុខា គឺជាជនក្បត់ជាតិ ហើយចង់ដណ្ដើមអំណាច តាមរយៈការគាំទ្រពីបរទេសនៅពីក្រោយខ្នង។
នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈ វិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិក គណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ។
ក្រោយការប្រកាសបើកផ្លូវ និងផ្តល់ឱកាសពីសំណាក់សម្តេចតេជោ ហ៊ុន សែន តំណាងរាស្រ្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់សរុបជាង ១០០នាក់ហើយ បានដើរចេញពីបក្សមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕
(សូមទស្សនាវិដេអូ ប្រសាសន៍សម្តេចតេជោ)៖