(សៀមរាប)៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនអ្នកជំងឺ ៤០០នាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
អំណោយដែលយកទៅចែកជូនប្រជាពលរដ្ឋកំពុងសម្រាកព្យាបាលជំងឺនាពេលនោះ ក្នុងម្នាក់ទទួលបានថវិកា ៥ម៉ឺនរៀល នំធុង១ធុង មី ១កេស ត្រីខ ១យួរ ទឹកដោះគោ ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ។ ដោយឡែកសម្រាប់លោកតា និងលោកយាយ ២នាក់ ដែលមានអាយុ ១០០ឆ្នាំ និង ៩៩ឆ្នាំ ទទួលបានថវិកាបន្ថែមក្នុងម្នាក់ ១លានរៀលផងដែរ។
អ្នកជំងឺដែលកំពុងសម្រាកព្យាបាលជំងឺបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់លោកអភិបាលខេត្ត ហើយចាត់ទុកកាយវិការនេះជាការយកចិត្តទុកដាក់ពីសំណាក់អភិបាលចំពោះពួកគាត់៕