(អាស៊ីប៉ាស៊ីហ្វីក)៖ កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក ហៅកាត់ថា APEC ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសវៀតណាម នឹងត្រូវបិទបញ្ចប់ហើយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីបណ្តាញផ្សព្វផ្សាយនានា។ ចាប់អារម្មណ៍ក៏ដោយសារកិច្ចប្រជុំនេះ បានក្លាយទៅជាកន្លែងមេដឹកនាំកំពូលៗលើពិភពលោកបានជួបគ្នា ដើម្បីជជែកលើបញ្ហាសំខាន់ៗជាច្រើន។ នេះជាលើកទីពីរហើយ ដែលរដ្ឋាភិបាលក្រុងហាណូយ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ខណៈលើកទី១បានធ្វើឡើងក្នុងឆ្នាំ២០០៦។

តើអ្វីទៅជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វីក? តើបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីកបង្កើតវាឡើងក្នុងគោលដៅអ្វី?

ខាងក្រោមនេះជាព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធកិច្ចប្រជុំ APEC ឆ្នាំ២០១៧៖

* ប្រធានបទ៖ បង្កើតថាមភាពថ្មី ជម្រុញអនាគតរួមគ្នា
* ប្រទេសជាម្ចាស់ផ្ទះ៖ វៀតណាម
* កាលបរិច្ឆេទ៖ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា
* ទីតាំង៖ រមនីយដ្ឋាន InterContinental Danang Sun Peninsula ទីក្រុង ដាណាង ប្រទេស វៀតណាម។

I. ព័ត៌មានទូទៅ៖
កិច្ចសហប្រតបត្តិការសេដ្ឋកិច្ចអាស៊ីប៉ា-ស៊ីហ្វិកហៅកាត់ថា APEC ជាវេទិកាមានប្រទេសជាសមាជិកទាំង២១ បង្កើតឡើងដើម្បីជំរុញពាណិជ្ជកម្មសេរី ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៩ ជាការឆ្លើយតបនឹងការកើនឡើងនូវភាពឯករាជ្យនៃសេដ្ឋកិច្ច និងការរីកចម្រើននៃប្លុកពាណិជ្ជកម្មក្នុងតំបន់ និងក្នុងផ្នែកផ្សេងទៀតនៃពិភពលោក ដើម្បីបង្កាក្តីបារម្ភចំពោះភាពរីកចម្រើនខ្លាំង ក្នុងវិស័យឧស្សាហកម្មនៃប្រទេស ជប៉ុន (សមាជិករបស់G8) ដែលកំពុងមានភាពលេចធ្លោរជាងគេ ផ្នែកសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងដើម្បីបង្កើតទីផ្សារថ្មី សម្រាប់ផលិតផលកសិកម្ម និងធនធានកម្រផ្ដាច់ចេញពីអឺរ៉ុប។

កិច្ចប្រជុំប្រចាំឆ្នាំរបស់ APEC គឺត្រូវបានចូលរួមដោយថ្នាក់ដឹកនាំរដ្ឋាភិបាល នៃរដ្ឋជាសមាជិកផ្ទាល់តែម្តង លើកលែងតែកោះតៃវ៉ាន់ ដែលត្រូវបានចូលរួមដោយដំណាងថ្នាក់រដ្ឋមន្ត្រីក្នុងនាមជាមេដឹកនាំសេដ្ឋកិច្ចចិនតៃប៉ិ។ ទីតាំងនៃកិច្ចប្រជុំត្រូវបានផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ទៅតាមប្រទេសជាសមាជិក ហើយអ្នកចូលរួមទាំងអស់នឹងស្លៀកសម្លៀកបំពាក់ប្រពៃណីជាតិ របស់ប្រទេសជាម្ចាស់ផ្ទះ។
ជាមួយគ្នានេះដែរ ប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ APEC ប្រចាំឆ្នាំ នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាដំណាងក្នុងកិច្ចប្រជុំ G20 (ប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន២០)។

II. ប្រទេសជាសមាជិក៖

APEC បច្ចុប្បន្នមានសមាជិកចំនួន២១ ដែលក្នុងនោះភាគច្រើនជាប្រទេសដែលស្ថិតនៅតាមបណ្តោយឆ្នេរនៃមហាសមុទ្រប៉ាស៊ីហ្វិក។ យ៉ាងនេះក្តីលក្ខណៈវិនិច្ឆ័យ ដើម្បីក្លាយជាសមាជិក មិនសំដៅលើប្រទេសទាំងអស់នោះទេ សំខាន់គឺតំបន់មួយដែលមានសេដ្ឋកិច្ចឯករាជ្យដោយខ្លួនឯង។ ជាក់ស្តែង ដូចជា តៃវ៉ាន់ និងហុងកុងជាដើម ដែលមិនមែនជាប្រទេសមួយ តែមានសេដ្ឋកិច្ចដាច់ដោយឡែកពីចិន ហេតុនេះ ក៏អាចក្លាយជាសមាជិកផងដែរ។ APEC មានអ្នកអង្កេតការណ៍ផ្លូវការចំនួនបី គឺ អាស៊ាន វេទិកាកោះប៉ាស៊ីហ្វីក និងក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចប៉ាស៊ីហ្វីក។

III. ប្រធានបទ និងចំណុចអាទិភាព៖
កិច្ចប្រជុំ APEC ឆ្នាំ២០១៧ ស្ថិតក្រោមប្រធានបទ «បង្កើតថាមភាពថ្មី និងជំរុញអនាគតរួមគ្នា» រួមជាមួយចំណុចអាទិភាពទាំងបួនគឺ៖

១៖ ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព ភាពច្នៃប្រឌិត និងរួមគ្នា។
២៖ បង្កើនសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
៣៖ ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងការច្នៃប្រឌិតក្នុងយុគសម័យឌីជីថល។
៤៖ ការលើកកម្ពស់សន្តិសុខស្បៀង និងកសិកម្មប្រកបដោយនិរន្តភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

IV. អ្នកចូលរួម៖

កិច្ចប្រជុំនេះ នឹងក្លាយជាកិច្ចប្រជុំ APEC លើកដំបូងដែលមានការចូលរួមពីសំណាក់ លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និង លោក ខែរី ឡាម ប្រធានប្រតិបត្តិហុងកុង ព្រមទាំង លោក ចាស៊ីនដា អាដឺន នាយករដ្ឋមន្ត្រីញ៉ូវហ្សេឡែន បន្ទាប់ពីមេដឹកនាំទាំងនេះបានឡើងកាន់អំណាច។ ជាមួយគ្នានេះដែរ កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នេះ ក៏មានវត្តមានបណ្តាថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសជាសមាជិកទាំង១០ ព្រមទាំងមហាសេដ្ឋីចិនដ៏លោក ជេក ម៉ា (Jack Ma) ដែលស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន Alibaba ផងដែរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា