(មណ្ឌលគិរី)៖ បើគ្មានអ្វីប្រែប្រួលនោះទេ អភិបាលស្រុកចំនួន៣រូប និងអភិបាលរងស្រុកចំនួន១០រូប នៅខេត្តមណ្ឌលគិរី នឹងត្រូវធ្វើការប្រកាសផ្ទេរភារកិច្ចនៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះហើយ។ នេះបើតាមលោក ហៀក សុផាន នាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី បានប្រាប់ព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ហៀក សុផាន បានឲ្យដឹងថា ក្នុងចំណោមក្រុងស្រុកចំនួន៥ នៅខេត្តមណ្ឌលគិរី មានស្រុកចំនួន៣គឺ ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកកោះញែក នឹងត្រូវធ្វើប្រកាសផ្ទេរភារកិច្ចដំណែង អភិបាលស្រុក ចំនួន៣រូប និងប្រកាសដំណែងជាអភិបាលរងស្រុកទាំង៣ចំនួន១០រូប។
លោកនាយករដ្ឋបាល បានឲ្យដឹងបន្ថែមទៀតថា លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមា នឹងត្រូវផ្ទេរភារកិច្ចទៅជាអភិបាលស្រុកកោះញែក, លោក មើល សឿន អភិបាលស្រុកកោះញែក បច្ចុប្បន្ន នឹងត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលស្រុកពេជ្រាដា និងលោក នួន សារ៉ន អភិបាលស្រុកពេជ្រាដាបច្ចុប្បន្ន ត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលស្រុកកែវសីមា ។
បើតាមមន្រ្តីដដែលនេះ «បើគ្មានអ្វីប្រែប្រួលនោះទេ ការផ្ទេរភារកិច្ច និងប្រកាសមុខដំណែងជាអភិបាលអភិបាលរងស្រុកចំនួនជាង១០រូប នៅក្នុងស្រុកចំនួន៣នេះ
នឹងប្រព្រឹទ្ធទៅនៅចុងខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ»៕