(កំពង់ចាម)៖ បន្ទាប់ពីទទួលបានដំណឹងថា កម្មការិនីរោងចក្រកាត់ដេរនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមជិត១០០នាក់ បានរងរបួសធ្ងន់ និងស្រាល កាលពីម្សិលមិញនោះ លោក ឡុង សុផាត ប្រធានសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានដឹកនាំក្រុមការងារ រួមនិងការចូលរួមពីអាជ្ញាធរដែនដី ជំនាញពាក់ព័ន្ធ បានចុះសាកសួរសុខទុក្ខ និងចែកអំណោយមួយចំនួន។

ថ្លែងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ខណៈសាកសួរសុខទុក្ខកម្មការនី នៅក្នុងមន្ទីរពេទ្យបង្អែកជើងព្រៃ លោក ឡុង សុផាត បានផ្តាំផ្ញើរនូវការបារម្មណ៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងការងារ ក៏ដូចរូបលោកផ្ទាល់ នៅពេលទទួលដំណឹងដ៏រន្ធត់បែបនេះ ប៉ុន្តែឥឡូវស្ថានភាពជម្ងឺ បានប្រសើរឡើងវិញ អាចចូលបម្រើការងារវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាពិសេសការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាលខេត្តកំពង់ចាម គួច ចំរើន និងអាជ្ញាធរពាក់ព័ន្ធ ដែលបាអន្តរាគមន៍ និងចុះសាកសួរភ្លាមៗ។

លោកក៏បានអំពាវនាវ និងស្នើសុំដល់តៃកុងរថយន្តដឹកកម្មករទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរ ដើម្បីសុវត្ថិភាពអាជីវិតបងប្អូនកម្មករ ឬរងគ្រោះជាយថាហេតុ បង្កឱ្យខាតបង់ពេលវេលាបម្រើការងារជាដើម។

លោកស្រី ឃី លាងស៊ីម អភិបាលរងស្រុកជើងព្រៃ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ព្យាបាលជម្ងឺកម្មការិនីជាង៩០នាក់ ដែលសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជើងព្រៃនេះ បានទាន់ពេលវេលា និងបានធូរស្បើយទាំងអស់គ្នាហើយ។

ដោយឡែកនៅតែកម្មការិនី៥នាក់ផ្សេងទៀត ដែល២នាក់ សម្រាកនៅមន្ទីរពេទ្យខេត្ត និង៣នាក់នៅមន្ទីរពេលកាល់ម៉ែត ក៏បានរួចផុតពីការបាត់បង់ជីវិតហើយដែរ ក្នុងកម្មការិនីម្នាក់ ត្រូវការសង្គ្រោះដោយកាត់ជើងម្ខាងចោល ដើម្បីបញ្ជៀសការប៉ះពាល់ដល់អាយុជីវិត។

នាឱកាសនោះ ក្រុមការងារសហពន្ធ័សហជីពសម្លេងយុវជនខ្មែរ បានឧបត្ថម្ភថវិកាជូនកម្មការិនីកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកជើងព្រៃ ក្នុងម្នាក់ៗថវិកា៤០,០០០រៀល សរុបថវិកា ៣,៨៤០,០០០រៀល។

សូមជំរាបថា ករណីគ្រោះថ្នាក់មួយ ក្នុងចំណោមគ្រោះថ្នាក់ រាប់មិនអស់ បានកើតឡើងនៅលើកំណាត់ផ្លូវ ជាតិលេខ៦ គីឡូម៉ែត្រលេខ ៦៧-៦៨ ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា រថយន្តដឹកកម្មករកម្មការិនីប្រមាណ១០០នាក់ ( រោងចក្រជូហួយចំនួនរបួស៥១នាក់ និងរោងចក្រខាលីងតុនរបួសចំនួន៤១នាក់) បានក្រឡាប់បណ្តាលឱ្យមានអ្នករងរបួស រណូករណែលពេញដងផ្លូវ។

សមត្ថកិច្ចឲ្យដឹងថា រថយន្តដែលក្រឡាប់ ម៉ាកហ៊ីយ៉ាន់ ដាយពាក់ស្លាកលេខ កំពង់ចាម 3A-4553 បើកបរដឹកកម្មករប្រមាណ១០០នាក់ ទៅធ្វើការនៅរោងចក្រ ទិសដៅពីលិចទៅកើត បត់ចូលរោងចក្រ ជូហួយក្រឡាប់ខ្លួនឯង៕